ព័ត៌មាន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះបានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រីនឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍ និងយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋគឺពិតជាមានសារៈសំខាន់ តែទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទីសំខាន់ដូចគ្នា ក្នុងការជំរុញចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។ សម្ដេចធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា- ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕






-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា