ព័ត៌មាន
មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងរក្សាការពារសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំគត់នៃការចាប់ផ្តើមអធិករណ៍នៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ដោយមានវីរយុទ្ធជនដ៏អង់អាចក្លាហាន និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានខិតខំគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីផង និងរក្សាការពារសន្តិភាពជូនប្រទេសជាតិផង។
ឯកឧត្តម ប៉ែន បូណា បានបន្តថា បន្ទាប់ពីស្វះស្វែងរកបាននូវបទឈប់បាញ់ពីរលើក រាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មក្លៀវក្លាបំផុតនិងឥតឈប់ឈរឡើយ។ ពីអាស៊ានឈានទៅអាស៊ី អូសេអានី អឺរ៉ុប សហរដ្ឋអាម៉េរិក រហូតដល់ទីស្នាក់ការអង្គការសហប្រជាជាតិនៅញូវយ៉ក… សកម្មភាពគ្រប់យ៉ាងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម បានថ្លែងថា ជាក់ស្តែង ម៉ោងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រិបត្តិការអន្តរជាតិ កំពុងស្ថិតនៅឯទីក្រុងញូវយ៉ក ក្នុងដំណើរចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ចេញសំឡេងការពារសន្តិភាព និងបូរណភាពទឹកដី។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា បទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ ជាក់ស្តែង នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា UNTAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាព ជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនាការទូត ការគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ។ ក្នុងស្មារតីនេះ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ព្រំដែននិងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងឬតាមរយៈការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)នោះឡើយ។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ កម្ពុជានៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ ដោយមានប្រសិទ្ធភាពទាំងស្រុង និងជាបន្ទាន់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងជំរុញឱ្យមានការវាស់វែងខណ្ឌសីមាព្រំដែនជាបន្ទាន់តាមកិច្ចព្រមព្រៀង៕










-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា