Connect with us

ព័ត៌មាន

ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ

ភ្នំពេញ៖ ក្រុមសិប្បករ បានលើកឡើងថា ក្រោយការបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃជាមួយកម្ពុជាអស់រយៈពេលជិតមួយឆ្នាំមកនេះ សន្ទុះផលិតកម្មក្នុងស្រុកបានបង្ហាញពីសមត្ថភាពកាន់តែច្បាស់ ក្នុងការផ្គត់ផ្គង់ផលិតផលជាតិទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងមានតម្រូវការកើនឡើង ដោយ​សារ​ស្មារតីពហិការទំនិញនាំចូលពីថៃរបស់ពលរដ្ឋខ្មែរ​ ហើយងាកមកប្រើប្រាស់ផលិតផលជាតិយ៉ាងផុលផុស ខណៈដែលផលិតក្នុងស្រុកមានការទទួលស្គាល់ទាំង គុណភាព អនាម័យ និងមាន​រសជាតិឆ្ងាញ់ មិនចាញ់ផលិតផលនាំចូល​។​

ក្រុមសិប្បករ បានវាយតម្លៃថា ជិតមួយឆ្នាំមកនេះ ការកសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារគឺមានការរីកចម្រើនគួរអោយគត់សម្គាល់។ ជាក់ស្តែងខ្សែក្រវាត់ផលិតកម្មរបស់សហគ្រាសរបស់ពួកគេ កំពុងមមាញឹងខ្លាំង ដើម្បីផលិតផ្គត់ផ្គង់បម្រើឱ្យទីផ្សារក្នុងស្រុក​កំពុងកើនឡើង។ ពួកគេថា បច្ចុប្បន្ននេះ ផលិត​ផលជាតិច្រើនលើសលុប ត្រូវបានតាំងលក់នៅតាមផ្សារទំនើបនានានៅទូទាំងប្រទេស ជាពិសេស នៅតាមផ្សារទំនើបនៅរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើប Lucky និងផ្សារទំនើប អ៊ីអន ជាដើម។

ក្រុមសិប្បករ បានអះអាងថា ការរីកចម្រើនទីផ្សារក្នុសស្រុកនាពេល​នេះ ក៏ដោយសារតែ មានការជួយជំរុញយ៉ាងខ្លាំង​ពីរាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នជំនាញ ដែល​បានជួយទៅលើបច្ចេកទេស ការស្វែកទីផ្សារ និងការផ្តល់​ភាពអនុគ្រោះផ្នែកពន្ធសហគ្រាសក្នុងស្រុកទាំង​អស់​។ ស្របពេលមានសន្ទុះគាំទ្រពីពលរដ្ឋ ក្រុមសិប្បករទាំងនោះ នៅតែអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ បន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បី​ភាពរីកចម្រើន​សេដ្ឋកិច្ច និងសង្គមជាតិ​ ក៏ដូចជា បង្កើតឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានកាន់តែច្រើនឡើ​ង​។​

ឯកឧត្ដម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី «សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦» នៅរសៀលថ្ងៃទី ២៥ ឧសភា ថា ស្មារតីរួបរួមរបស់ពលរដ្ឋខ្មែរ​ បាននាំឱ្យទំនិញតាមទីផ្សារមានដាក់លក់ផលិតផលក្នុងស្រុកប្រមាណ ៨០ភាគរយ ដែលអាចជំនួសឱ្យផលិតផលថៃ។  ឯកឧត្ដម បន្តថា ជាមួយគ្នា ក្រសួងពាណិជ្ជកម្មក៏កំពុងពង្រីកទីផ្សារថ្មីបន្ថែមទៀត ដើម្បីនាំចេញកសិផលទៅក្រៅប្រទេស ដូចជា ប្រទេស​ចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា​ និងបណ្តាប្រទេសផ្សេងៗទៀតដូចជា រុស្ស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia