ព័ត៌មាន
អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) អំពាវនាវ ឱ្យពលរដ្ឋនៅជុំវិញតំបន់អង្គរ រួមគ្នាការពារជីវិតសត្វព្រៃ
មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំដោយយកចិត្តទុកដាក់យ៉ាងណាក្តី។
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភ នៅក្នុងឱកាសទទួលយកសត្វប្រមា២ក្បាល មកដោះលែងនៅក្នុងព្រៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោកសូមឱ្យសហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់អង្គរ រួមគ្នាការពារសត្វព្រៃ កុំលួចដាក់អន្ទាក់ និងលួចបរបាញ់។ ការលើកឡើងពីកង្វល់នេះ ដោយសារតែបច្ចុប្បន្ន បើទោះបីជាអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នចម្រុះជាច្រើន រួមគ្នាការពារសត្វព្រៃជាប្រចាំក្តី ក៏នៅតែមានសកម្មភាពមួយចំនួន លបលួចបរបាញ់ និងដាក់អន្ទាក់សម្លាប់សត្វព្រៃនៅឡើយ។
លោក ជូរ៉ា ឌីណា បញ្ជាក់ថា ការថែរក្សាសត្វព្រៃ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់លើកតម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ និងជីវចម្រុះក្នុងតំបន់អង្គរ ពោល គឺនៅពេលដែលអ្នកទេសចរមកទស្សនាអង្គរ គឺគេឃើញប្រាសាទបុរាណផង និងបានឃើញសត្វព្រៃ ដែលបង្ហាញពីភាពសម្បូរបែបនៃធម្មជាតិផង។
លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សត្វព្រៃ មានតួនាទីយ៉ាងសំខាន់ក្នុងការនាំគ្រាប់ពូជនៃឈើនានា ឱ្យដុះក្លាយជាធម្មជាតិបៃតងដ៏សម្បូរបែបនៅក្នុងតំបន់អង្គរ ព្រមទាំងអាចទាក់ទាញអ្នកទេសចរជាច្រើន ឱ្យចាប់អារម្មណ៍ចំពោះធម្មជាតិផង។
លោក Nick Marx បញ្ជាក់ថា ក្នុងនាមអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) លោកសូមអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូប សូមរួមគ្នាការពារសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់អង្គរ ឱ្យបានគង់វង្ស។ «សូមកុំឱ្យចំណីដល់សត្វព្រៃ និងកុំទៅរំខានសត្វព្រៃ ហើយសូមទុកឱ្យសត្វព្រៃទាំងនោះ បានរស់នៅក្នុងព្រៃធម្មជាតិ តាមទម្លាប់របស់ពួកវាដោយសុខសាន្ត»។ បច្ចុប្បន្ននេះ នៅក្នុងព្រៃតំបន់អង្គរ មានសត្វព្រៃចម្រុះ កំពុងរស់នៅជាច្រើនប្រភេទ ដូចជា សត្វទោចមកុដ (Pileated Gibbon)សត្វឈ្លូស (Red Muntjac)សត្វស្វាព្រាហ្មណ៍(Silvered Langurs)សំពោចក្រអូប (Common palm Civets)សត្វភេខ្លួនរលោង (Smooth-coated Otter)សត្វឆ្មាដាវ (Leopard Cat) សត្វកេងកងតូច (Oriental Pied Hornbill)សត្វកេងកងធំ (Great Hornbill)សត្វភូវាំង (Wreathed Hornbill)សត្វក្ងោក (Peafowl)សត្វអន្សង(Common Water Monitor)និងសត្វពង្រូល (Sunda Pangolin)ជាដើម៕













-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល