Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្រាប់ការកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែសីហាខាងមុខនេះ នឹងរៀបចំនៅទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។

«សន្និសីទប្រធានសភានៃអន្តរសភា (ISC)» លើកទី២ គ្រោងនឹងធ្វើឡើងនៅកម្ពុជា នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សន្និសីទនេះ ជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមក ពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។

ក្នុងពិធីដដែលនោះ សម្ដេចតេជោ បានថ្លែងកោតសសើរចំពោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ដែលបានខិតខំក្នុងការដឹកនាំរៀបចំអគារទីស្នាក់ការកណ្ដាលថ្មីនេះ ឱ្យមានភាពប្រណីត ទំនើប និងផ្សាភ្ជាប់ជាមួយទំនៀបទម្លាប់វប្បធម៌ជាតិ។

សម្ដេច​តេជោថ្លែងថា អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ មានទីធ្លាធំទូលាយ អមដោយបរិយាកាសដ៏ល្អ ស័ក្តិសមបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំនៅទីតាំងអគារនេះ, សម្ដេចប្រមុខរដ្ឋស្ដីទី ប្រកាសថា នឹងជ្រើសរើសអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រៀបចំកិច្ចប្រជុំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ នៅខែសីហាខាងមុខ ខណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ «ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងដឹកនាំការប្រជុំ ប្រកាសសម្រេចយកទីស្នាក់ការនេះ ធ្វើជាកន្លែងប្រជុំអន្តរជាតិដ៏ធំមួយនេះ»

សូមជម្រាបថា​ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាអគាររដ្ឋដែលធំជាងគេ ដោយត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥,៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩,៦៣៤ម៉ែត្រការ៉េ។ អគារនេះមានអគារការិយាល័យរដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មផងដែរ​។

សូមរំលឹកថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យកត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia