ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល SHINKI APPAREL (CAMBODIA) CO.,LTD. ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ការអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃពួកគាត់ ដើម្បីផ្តល់ជូនជាដំណោះស្រាយជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់ សម្តេចតេជោ និងទាំង១០ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
នាឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនពីការប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។ ក្នុងករណីមានបញ្ហាដែលពិបាកដោះស្រាយ ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងការងារ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រសួង ឬមន្ទីរការងារ ចុះសម្របសម្រួល ឬពន្យល់ជូន និងលេខ ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី TVET ១,៥លានផងដែរ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត។ រោងចក្រនេះមានការគ្រប់គ្រង និងដំណើរការច្រវាក់ផលិតកម្មទំនើបដោយប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិកម្ម (automation) និងកន្លែងធ្វើការមានផាសុកភាពល្អផងដែរ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រមានស្តង់ដាខ្ពស់ ហើយបងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី។
សូមបញ្ជាក់ថា រោងចក្រ ស៊ិនគី អឹភែរឹល បានបើកដំណើរការកាលពីឆ្នាំ២០២៥ ដែលជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ឱ្យម៉ាកល្បីៗនៅលើពិភពលោក ដូចជា ម៉ាក UNIQLO ។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ៦ ៦១៤ នាក់ (ស្រី ៥ ១២៦នាក់) ដែលទទួលបានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមមាន៖ កន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់បាយថ្ងៃត្រង់ដោយមិនគិតថ្លៃជាដើម៕












-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា