Connect with us

ព័ត៌មាន

ក្រសួងវប្បធម៌ ថ្កោលទោសចំពោះការបំផ្លិចបំផ្លាញថ្មីៗ​នេះដោយកងកម្លាំង​យោធាថៃ​ទៅ​លើ​ជណ្តើរ​ឈើ​ឡើង​ប្រាសាទខ្នារ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​បំផុត​ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃ​ទៅ​លើ​ជណ្តើរ​ឈើ​ឡើង​ប្រាសាទ​ខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និង​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​អភិរក្សបេតិកភណ្ឌវប្បធម៌ និងដែល​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ឆ្នាំ២០១៧​។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយ​ត្រូវ​បាន​កសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រម​ទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។ នេះបើ​​យោង​តាម​​សេចក្តីថ្លែងការណ៍របស់ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៦​។

ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជាបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ដោយកម្ពុជាជាយូរលង់មកហើយ។ សកម្មភាពបែបនេះផ្ទុយនឹងគោលការណ៍មូលដ្ឋានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងមិនស្របតាមកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជនជំនាន់ក្រោយនោះទេ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកប្រាសាទតាក្របីឱ្យសាធារណជនចូលទស្សនា ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលគ្រោងអនុវត្តនៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគូសបញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជាទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងលិខិតូបករណ៍ច្បាប់ពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។

ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះមិនអាចទទួលយកបានឡើយ ហើយជាគោលបំណងបង្កើតការយល់ច្រឡំថាមានការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃលើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យមានភាពស្របច្បាប់ ឬធ្វើឱ្យក្លាយជារឿងប្រក្រតីលើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះ តាមរយៈសកម្មភាពទេសចរណ៍ វប្បធម៌ សាសនា ឬរដ្ឋបាល។ សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របីបានឡើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ រួមទាំងប្រតិបត្តិការទេសចរណ៍ ការលក់សំបុត្រចូលទស្សនា និងរាល់សកម្មភាពដែលបង្កការខូចខាត កែប្រែ ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ក្រសួងក៏ជំរុញឱ្យភាគីថៃគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងចៀសវាងវិធានការណាមួយដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី។

ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងមរតកវប្បធម៌របស់ជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia