ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះមកមូលដ្ឋាននេះជាការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ខណៈកន្លងមកសមាជិកព្រឹទ្ធសភា ស្ទើរតែមិនចុះតាមមូលដ្ឋាន ដូច្ចេះហើយទង្វើនេះត្រូវផ្លាស់ប្តូរ មិនអោយឈរឈ្មោះតទៅទៀតទេ ចំពោះសមាជិកាព្រឹទ្ធសភាណាដែលមិនចុះទៅមូលដ្ឋានជួបជាមួយប្រជាជន ដែលមិនឆ្លើយតបការខិតខំនៅមូលដ្ឋាន។ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកក៏ ត្រូវធ្វើការជាមួយ អង្គបោះឆ្នោតគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អោយបានច្រើនដែរ។ ចំពោះខេត្តកណ្តាលជាខេត្តមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ មានស្ថានភាពមិនខុសពីរាជធានីភ្នំពេញទេ ទាំងកត្តាសន្តិសុខ នយោបាយ សេដ្ឋកិច្ច គឺជះឥទ្ធិពលគ្នាទៅវិញទៅមក សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំដល់មូលដ្ឋានចូលរួមរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងនោះបញ្ហាបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញត្រូវតែបន្ត ដែលអាចមានការបែកសំបុក ពង្រាយទៅតូចៗនៅតាមមូលដ្ឋាន។
សម្តេចតេជោណែនាំនៅតាមមូលដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ និងចូលរួមខិតខំសន្សំសំចៃក្នុងដំណាក់កាលនេះ។ ទន្ទឹមនឹងនឹងនេះដើម្បីគាំទ្រដល់ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវចូលរួមគាំទ្រលើការប្រមូលចំណូលគយនិងពន្ធដារ និងខិតខំប្រមូលចំណូលចូលរដ្ឋអោយអស់ពីលទ្ធភាព។ សម្តេចបន្តថា ការគាំទ្ររបស់មូលដ្ឋានចំពោះការប្រមូលចំណូលជារឿងសំខាន់។ ចំពោះនៅតាមមូលដ្ឋាន សម្តេចតេជោ ណែនាំដល់ខេត្តកណ្តាលបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជននៅក្នុងមូលដ្ឋាន។ សម្តេចណែនាំឲ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លី តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ចំពោះខេត្តកណ្តាលក៏មានបញ្ហាជម្លោះដីធ្លីរវាងប្រជាជននិងប្រជាជន និងរវាងប្រជាជនជាមួយក្រុមហ៊ុនក៏មានខ្លះ ខិតខំរកដោះស្រាយសម្របសម្រួល និងជម្រុញការផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជន។
សម្តេចតេជោអំពាវនាវអោយយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងកម្មករតាមរោងចក្រសហគ្រាស ខណៈដែលនៅខេត្តកណ្តាលកម្មករមានរហូតដល់ទៅជាង២៥ម៉ឺននាក់ រោងចក្រសហគ្រាសគ្រឹះស្ថាននៅក្នុងខេត្ត២១០៩, វិនិយោគិនបរទេសដែលវិនិយោគ ៦៦២មូលដ្ឋាន ដែលផ្តល់ការងារ២៥ម៉ឺន១១០៧នាក់។ សម្តេចតេជោបន្តថា យើងមានបទពិសោធន៍លើការគ្រប់គ្រងហើយ បន្តជំរុញបទពិសោធន៍ដ៏ល្អនេះទៅមុខទៀត គ្រប់គ្រងកម្មករអោយបានល្អ ដោះស្រាយវិវាទការងារអោយបានឆាប់បំផុត និងចូលរួមដោះស្រាយការងារដល់ប្រជាជនធ្វើ និងតាមមើលអោយជាប់ជាប្រចាំ។
លើការងារនៅមូលដ្ឋាន សម្តេចតេជោជំរុញអោយ ខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់។ សម្តេចតេជោអំពាវនាវអោយមន្ត្រីទាំងអស់ធ្វើសកម្មភាពដោយស្មោះត្រង់ ដើម្បីសេចក្តីសុខរបស់ប្រជាជន ខិតខំលុបបំបាត់ឬបន្ថយការថ្នាំងថ្នាក់របស់ប្រជាជនចំពោះទង្វើខ្វះខាតដែលកើតចេញពីមន្ត្រី ប្រជាជនមិនអាចទទួលយកបានទេ ដែលធ្វើសកម្មភាពណាមួយដែលផ្ទុយផលប្រយោជន៍របស់ពួកគាត់។ សម្រាប់មន្ត្រីឃុំសង្កាត់ ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ហើយមន្ត្រីថ្នាក់ឃុំ មានស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំជាដើម ខិតខំដោះស្រាយសេវាចាំបាច់ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ
ត្រូវចាំថា «មន្ត្រីជាខ្ញុំបម្រើប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ។ »
ចំពោះស្មៀនឃុំ សម្តេចតេជោជម្រុញចលនាស្ត្រីដែលមានសមត្ថភាព អោយដាក់ពាក្យច្រើនចូលប្រឡង ខណៈសម្តេចតេជោ ចង់បានមានស្ត្រីមានចំណែក៥០ភាគរយនៃស្មៀនឃុំសង្កាត់ នេះមិនមែនទាត់ចោលបុរសទេតែយើងនិយាយពីសមភាពយេនឌ័រ ការវិនិយោគអោយស្ត្រី ដូច្ចេះស្ត្រីត្រូវប្រឹងប្រែងដោយខ្លួនឯង និងលើកទឹកចិត្តស្ត្រីចូលរួមបំពេញការងារនិងមានសមត្ថភាព។
ចំពោះខេត្តកណ្តាលក៏មានជាប់ព្រំដែនជាមួយប្រទេសវៀតណាម សម្តេចតេជោណែនាំដល់អាជ្ញាធរខេត្តកណ្តាលបន្តសហការអោយបានល្អជាមួយប្រទេសជិតខាងដែលមានព្រំដែនជាមួយគ្នា ខណៈបច្ចុប្បន្នកម្ពុជានិងវៀតណាមមានសេដ្ឋកិច្ចតភ្ជាប់គ្នាល្អ។
សូមបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តកណ្តាល មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ ខណៈដែលខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបសំណេះសំណាល៕















-
ព័ត៌មាន1 week agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
PR NEWS3 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
កីឡា1 week agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ