ព័ត៌មាន
សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលដែលយើងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រប់គោលនយោបាយ ដែលយើងបង្កើតឡើង យើងត្រូវចងចាំជានិច្ចថា វិបុលភាព ដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន។
សម្ដេចធិបតីបានថ្លែងថា ជារួមទាំងសន្ដិភាព ទាំងវិបុលភាព មិនមែនជាគោលដៅចុងក្រោយ នោះទេ តម្លៃពិតប្រាកដស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ, សេចក្ដីថ្លៃថ្នូរ សន្ដិសុខ និងកាលានុវត្តភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង។
សម្ដេចធិបតីបន្តថា ការវាយតម្លៃលើសមិទ្ធផលរបស់អាស៊ាន មិនគួរពិនិត្យត្រឹមតែលើផលិតផលក្នុងស្រុកសរុប ទំហំពាណិជ្ជកម្ម ឬលំហូរវិនិយោគនោះទេ។ យើងក៏គួរវាយតម្លៃថា តើប្រជាជនរបស់យើងមានជីវភាពរស់នៅកាន់តែប្រសើរ មានសុវត្ថិភាព សុខភាពល្អជាងមុន និងមានជីវិតពោពេញទៅដោយក្ដីសង្ឃឹមជាងមុនដែរឬទេ។
សម្ដេចធិបតីថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អាស៊ានបានជួយប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ ពង្រីកការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពុស់ការតភ្ជាប់ បង្កើតការងារ បង្កើនការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងគាំទ្រដល់ការលេចកាន់តែច្រើនឡើងៗនៃវណ្ណៈកណ្ដាល។
សម្ដេចធិបតីបន្តថា នៅពេលដែលការរំពឹងទុកមានការកើនឡើង ហើយបញ្ហាប្រឈមកាន់តែមានការស្មុគស្មាញ អាស៊ានត្រូវបន្តផ្ដល់ផលប្រយោជន៍ឱ្យកាន់តែមានប្រសិទ្ធភាពដល់ប្រជាជនរបស់ខ្លួន។ ការណ៍នេះ តម្រូវឱ្យអាស៊ានបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់ខ្លួន នៅគ្រប់សសរស្ដម្ភទាំងអស់។
សម្ដេចបន្តថា ទិដ្ឋភាពដ៏សំខាន់មួយ ក្នុងការកសាងសហគមន៍ប្រកបដោយភាពសុខដុម និងការយកចិត្តទុកដាក់ គឺការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋជាសមាជិក។ សម្ដេចបន្តថា ការខ្វះខាតការយល់ដឹងពីគ្នាទៅវិញទៅមកនេះបានធ្វើឱ្យចំណងមិត្តភាពកាន់តែចុះខ្សោយ។ ការការពារការរស់នៅរួមគ្នាប្រកបដោយសន្ដិភាព និងភាពជាអ្នកជិតខាងល្អ ក៏ដូចជាស្មារតីសាមគ្គីភាពនៃភាពជាសហគមន៍ កាន់តែចុះខ្សោយ។
សម្ដេចធិបតីបន្តថា ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក អនុញ្ញាតឱ្យមាននូវលទ្ធិជាតិនិយម, លទ្ធិប្រជាភិថុត, លទ្ធិកែប្រែនិយម ដ៏តូចចង្អៀត ព្រមទាំងការឃោសនា ដែលនាំឱ្យមានការបែកបាក់ កាន់តែមានអំណាចដែលអាចប៉ះពាល់ដល់ការកសាងសហគមន៍។
សម្ដេចបន្តថា ដើម្បីទប់ទល់នឹងនិន្នាការដ៏គ្រោះថ្នាក់នេះ អាស៊ានត្រូវពង្រីកការផ្លាស់ប្ដូររវាងយុវជន និងការផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ កិច្ចសហប្រតិបត្តិការវប្បធម៌ ការចូលរួមផ្នែកសេដ្ឋកិច្ច ភាពជាដៃគូរប្រព័ន្ធផ្សព្វផ្សាយ និងអន្តរកម្មផ្សេងទៀតឱ្យបានរឹងមាំ។ សកម្មភាពទាំងនេះ នឹងធានាថា មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្បាស់។
សម្ដេចធិបតីបញ្ជាក់ជាថ្មីថា បទពិសោធន៍របស់អាស៊ាន បានបង្ហាញថា សន្ដិភាពបង្កើតលក្ខណ្ឌសម្រាប់វិបុលភាព ហើយជាគោលដៅចុងក្រោយវិបុលភាពត្រូវតែបម្រើដល់ប្រជាជន។ ការណ៍នេះ គឺជាស្នូលដ៏សំខាន់ ក្នុងការបង្កើតអនាគតរួមគ្នារបស់អាស៊ាន ក្នុងពិភពលោកដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ អាស៊ានត្រូវតែរក្សាការរួបរួមគ្នា ភាពធន់ ការគិតគូរបែបវែងឆ្ងាយ និងការជឿទុកចិត្តលើសមត្ថភាពក្នុងការកំណត់ជោគវាសនារបស់ខ្លួន។
សម្ដេចធិបតីបន្តថា យើងត្រូវតែបន្តប្រកាន់ខ្ពាប់នូវគោលការណ៍ដែលបានតម្រង់ទិសភាពជោគជ័យរបស់យើង ពោលគឺ៖ ការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះដោយសន្ដិវិធី កិច្ចសន្ទនា កិច្ចសហប្របត្តិការ បរិយាបន្ន និងការទទួលខុសត្រូវរួមគ្នា។ ការណ៍នេះ នឹងអនុញ្ញាតឱ្យអាស៊ាន បន្តដើរតួជាកម្លាំងនៃស្ថិរភាពជាស្នូលនៃកំណើន និងជាតំបន់នៃកាលានុវត្ត និងក្ដីសង្ឃឹម៕






-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS5 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា