ព័ត៌មាន
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅប្រទេសកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស នៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នា ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។
ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរវៀតណាមចំពោះការរៀបចំវេទិកាអនាគតអាស៊ាន លើកទី៣ ដ៏មានសារៈសំខាន់នេះ ក្នុងបរិបទពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ បន្ថែមលើនេះ សម្ដេចធិបតី បានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។ ក្នុងន័យនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។
សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសយុវជន៕





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ