ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បន្តណែនាំអាជ្ញាធរខេត្តសៀមរាប និងឧត្តរមានជ័យ យកចិត្តទុកដាក់ជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ និងគ្រួសារអតីតយុទ្ធជន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និបាតសណ្ឋាគារសុខា ខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត ២០០០នាក់។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវ និងណែនាំឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរត្រូវ បន្តយកចិត្តទុកដាក់គ្រប់គ្រងវត្តមានអតីតយុទ្ធជន ជាពិសេសក្រុមគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដែលជាកិច្ចការដែលយើងត្រូវធ្វើ ដើម្បីពង្រឹងខឿនការពារជាតិឱ្យបានល្អប្រសើរ និងកាត់បន្ថយការលំបាករបស់គ្រួសារយុទ្ធជនពលី។ សម្ដេចតេជោ បានអំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេសដល់ការលើកកម្ពស់ការសិក្សាអប់រំរបស់កូន ចៅ យុទ្ធជនពលី ឱ្យទទួលបានរៀនសូត្រ និងត្រូវផ្ដល់អាទិភាពឱ្យពួកគេទទួលបានអាហារូបករណ៍សិក្សាដោយមិនបង់ថ្លៃ។
បន្ថែមពីនេះ សម្តេចតេជោប្រធានសមាគម ក៏មានប្រសាសន៍ឱ្យយកចិត្តទុកដាក់ទាំងអតីតមន្រ្តីរាជការស៊ីវិលដែលចូលនិវត្តន៍ ដូចជាអតីតអភិបាលខេត្ត អភិបាលស្រុក អតីតមេឃុំ ចៅសង្កាត់ ជាដើមនោះ គប្បីយកចិត្តទុកដាក់បន្ថែមទៀត ដោយឧស្សាហ៍ចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ និងត្រូវផ្ដល់ឱកាស អញ្ជើញពួកគាត់ចូលរួមក្នុងពិធីជួបជុំ និងសំណេះសំណាលផ្សេងៗ ស្របពេលដែលពេលនេះសម្ដេចតេជោបានដាក់បញ្ចូលពួកគាត់ជានិវត្តជន មកក្រោមឆ័ត្រតែមួយរបស់សមាគម ដោយបានធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា មកជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ក៏បានមានប្រសាសន៍កោតសរសើរចំពោះយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិដែលបានជួយសម្រាលបន្ទុកគ្រួសារយុទ្ធជនពលីទូទាំងប្រទេស ដោយបានផ្ដល់ការអនុគ្រោះ លុបចោលបំណុលដែលខ្ចីពីធនាគារក្នុងស្រុក ព្រមទាំងបានជួយពន្យាការសងត្រឡប់ក្នុងករណីមួយចំនួន ដែលសម្ដេចបានហៅយន្តការអនុគ្រោះនេះ គឺជាផ្នែកមួយនៃការជួយពង្រឹងខឿនការពារជាតិយ៉ាងពិតប្រាកដ ជាពិសេសបានបង្ហាញពីស្មារតីនៃការរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិបានល្អបំផុត។
គួរជម្រាបជូនថា ចំពោះការងារគ្រប់គ្រង អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តឧត្តរមានជ័យ យោងតាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានអតីតយុទ្ធជនសរុប ៤,៩៨៧ នាក់ ក្នុងនោះអ្នកនៅក្នុងបន្ទុកមានចំនួន ៧,៥៦១ នាក់។ អតីតយុទ្ធជន ចូលជាសមាជិកសមាមគមមានចំនួន ៣,៤៣២ នាក់ (ស្រី ១៥៣)។ មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិលក្នុងខេត្តមានចំនួនសរុប ៣៥០ នាក់ (ស្រី ៤១ នាក់)។ បច្ចុប្បន្ន អ.ន.ក. ខេត្តឧត្តរមានជ័យ កំពុងគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនមាន ២ កន្លែង ដែលមានទំហំ ២,៦៦៥ ហិកតា ដែលទីតាំងនៅ ៖ ១. ភូមិអូរតារម៉ែង ឃុំអន្លុងវែង ស្រុកអន្លុងវែង មានទំហំ ៥៤ ហិកតា និងទីតាំងទី២ស្ថិតភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ មានទំហំ ២,៦១១ ហិកតា។ ចំពោះការងារសាងសង់ផ្ទះចាប់ពីឆ្នាំ ២០១៦-២០២៦ សាងសង់បាន ៦៥២ ខ្នង ស្មើនឹង ៦៥២ គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ដោយឡែកការងារគ្រប់គ្រង អតីតយុទ្ធជន និងនិវត្តជនក្នុង ខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានលើកឡើងក្នុងរបាយការណ៍ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប មានអតីតយុទ្ធជនសរុបចំនួន ៩,៣៣៤ នាក់ ក្នុងនោះអ្នកនៅក្នុងបន្ទុកមានចំនួន ១២,៤៧៥ នាក់ អតីតយុទ្ធជនចូលជាសមាជិកសមាគមមានចំនួន ៦,៦៣១ នាក់, មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិល មានចំនួនសរុប ២,០៨៨ នាក់។ បច្ចុប្បន្ន អ.ន.ក. ខេត្តសៀមរាប កំពុងគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនមាន២កន្លែង៖១.ស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានទំហំ ៣,០៨០ហិកតា។ ២.ស្ថិតនៅឃុំឃុនរាម និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំហំ ១,៣១៧ហិកតា និងបានបែងចែកដីឡូត៍កម្មសិទ្ធជូនអតីតយុទ្ធជនចំនួន ១៥២ គ្រួសារ។ ចំពោះការងារសាងសង់ផ្ទះវិញ ចាប់ពីឆ្នាំ ២០១៧ – ២០២១ បានសាងសង់ផ្ទះសរុបបានចំនួន ៩០ ខ្នងផ្ទះ ជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕












-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់