ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំគ្រូបណ្ដុះបណ្ដាលជំនាញឱ្យបានច្បាស់ មានជំនាញពិតប្រាកដ និងរៀបចំមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះ ជំនាញ ពិតប្រាកដ អាចបំពេញការងារទៅតាមតម្រូវការទីផ្សារបានដោយមានប្រសិទ្ធភាព។ ដូច្នេះដើម្បីបណ្ដុះបណ្ដាលជំនាញនេះឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវត្រៀមលក្ខណៈ គ្រូឱ្យច្បាស់ ឱ្យប្រាកដ និងមេរៀនបង្រៀនឱ្យចំគោលដៅទៅដល់សិស្ស។
សម្ដេចធិបតីបានឱ្យដឹងថា កាលពីសប្ដាហ៍មុនសម្ដេចបានលួចទៅពិនិត្យមើលការបណ្ដុះបណ្ដាលវគ្គហ្វឹកហ្វឺនមួយដែលវគ្គនេះគឺជាមេរៀនថ្មី, ក្រុមគ្រូមួយក្រុមបានស្រាវជ្រាវ, ស្រាប់តែស្រាវជ្រាវបានហើយក្រុមគ្រូនោះបានទម្លាក់មេរៀនទៅឱ្យក្រុមគ្រូមួយក្រុមទៀត ដើម្បីបើកថ្នាក់បង្រៀនសិស្សចំនួន ២០០ នាក់, ពេលនោះសម្ដេចបានសួរទៅកាន់គ្រូៗ តើធ្លាប់បង្រៀនទេ, ក្រុមគ្រូបានប្រាប់សម្ដេចវិញថា មិនធ្លាប់បង្រៀនទេ ធ្លាប់បង្រៀនតែកម្រិតមួយ ប៉ុន្ដែថ្នាក់លើទម្លាក់មេរៀនមកឱ្យបង្រៀនកម្រិតពីរ ដែលចំណុចនេះ គឺសម្ដេចចាត់ទុកជាអនុវត្តមិនត្រឹមត្រូវ។
សម្ដេចធិបតី បញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញនេះ គ្រូត្រូវឱ្យប្រាកដ កុំខ្វះគ្រូ ទៅយកគ្រូជំនាញអគ្គិសនី មកបង្រៀនឆុងកាហ្វេ។ ការបណ្ដុះបណ្ដាលជំនាញនេះ អ្វីដែលត្រូវគិតមុនគេ គឺត្រូវធានាគុណភាពគ្រូ បើសិនជាគ្រូមិនប្រាកដទេ សិស្សកាន់តែមិនប្រាកដទៅទៀត។
សម្ដេចធិបតី ថ្លែងថា៖«គំនិតផ្គួចផ្ដើមខ្ញុំគាំទ្រ តែសូមធានាគុណភាពឱ្យបាន ព្រោះរៀនខុសនេះគ្រោះថ្នាក់ទៀត ព្រោះសិស្សត្រូវជឿគ្រូហើយបើគ្រូមិនច្បាស់ទៅបង្រៀនសិស្ស សិស្សរៀនដំបូងគេ យកក្បួនខុសនេះគឺលំបាកហើយ ដូច្នេះត្រូវធ្វើម៉េចយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលគ្រូ និងរៀបចំមេរៀនឱ្យត្រូវតែម្ដង»។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីណែនាំឱ្យក្រសួងការងារយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈដល់យុវជន គឺត្រូវឱ្យយុវជនរៀនឱ្យចប់ រៀនឱ្យចេះ រៀនហើយអាចផ្គុំជាមួយការងារដែលអាចធ្វើទៅបាន ដែលនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលចង់បានសម្រាប់ការបណ្ដុះបណ្ដាលជំនាញនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងការងារ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ, សម្ដេចក៏បានអរគុណដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដែលនាពេលកន្លងទៅនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនពលករត្រឡប់មកពីថៃវិញ តាមរយៈការបណ្ដុះបណ្ដាល និងផ្ដល់ឱកាសការងារដល់ពួកគាត់ជាដើម៕













-
PR NEWS4 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន6 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨