Connect with us

ព័ត៌មាន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីបើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦»

សៀមរាប៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីពិធីបើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦» ក្រោមប្រធានបទ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការយាង និងអញ្ជើញចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅទឹកដីអង្គរ ខេត្តសៀមរាប មកបីបណ្ដាប្រទេសជាង ១១៦ នៅទូទាំងពិភពលោក។ ព្រះវត្តមាន និងវត្តមានដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលបានទទួលស្វាគមន៍ និងផ្ដល់បដិសណ្ឋារកិច្ចបង្ហាញនូវបេះដូងខ្មែរចំពោះមិត្តអន្តរជាតិរបស់យើងក្នុងមហាព្រឹត្តិការណ៍ដ៏ធំធេងនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា នៅលើទឹកដីដ៏ពិសិដ្ឋនៅលើទឹកដីសៀមរាបអង្គរ យើងមានកិត្តិយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា ពីស្ថានភាពពិតរបស់កម្ពុជា ដែលខ្ញុំជឿថា មិត្តបរទេសមិនធ្លាប់មកទស្សនាកម្ពុជាពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងបានឮ និងបានអានតាមរយៈបណ្ដាញផ្សព្វផ្សាយមួយចំនួន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា តាមរយៈការមកដល់និងបានអញ្ជើញទស្សនាកម្ពុជាដោយផ្ទាល់ មិត្តរបស់យើងអាចជ្រួតជ្រាបអំពីសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាសផ្ទះ រៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា យប់មិញខ្ញុំបានជួបសមាជិកមួយចំនួននៃគណៈប្រតិភូនៅផាប់ស្រ្ដីត ហើយខ្ញុំគិតថា អ្នកទាំងអស់គ្នាបានឃើញនូវទិដ្ឋភាពពេលយប់នៅកម្ពុជា ដែលជាទឹកដីដ៏ពិសិដ្ឋនៃសៀមរាបអង្គរ។ យើងមានកិត្តិយសបង្ហាញពីមុខមាត់ទំនើបរបស់ប្រទេសកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដោយមានវត្តនៅទីនេះ អ្នកទាំងអស់គ្នាអាចឃើញនូវវឌ្ឍនភាព និងសន្ដិភាពនៅកម្ពុជា ខណៈសន្ដិភាពគឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្ដិភាពទេ យើងក៏មិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ដ្រី ឬក៏អនាគតរបស់យុវជនបានឡើយ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ក្នុងឱកាសនៃ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts – WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង។ មហាសន្និបាតនេះប្រមូលផ្តុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្តាប្រទេស ជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោល នយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនា កាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។

ក្រោមប្រធានបទ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” តំណាងឱ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍៖ We see ៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត។ We care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និងយុវតី។ We act ៖ ប្រតិភូពិភពលោករួមគ្នាពិភាក្សា សម្រេចចិត្ត និងកំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។

សម្រាប់កម្ពុជា ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិនោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការចែករំលែកទៅ កាន់មិត្តអន្តរជាតិនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា សោភ័ណភាពនៃសៀមរាប អង្គរ វប្បធម៌ បេតិកភណ្ឌខ្មែរ និងសមត្ថភាព របស់កម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងវិជ្ជាជីវៈ។ ជាពិសេស កម្មវិធី រាត្រីកម្ពុជា (Cambodia Night) បានបង្ហាញពីសិល្បៈ ប្រពៃណី ម្ហូបអាហារ វប្បធម៌ មិត្តភាព និងបេះដូងដ៏កក់ក្តៅរបស់កម្ពុជា។ សមាគមកាយឫទ្ធិនារីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស មិត្តអន្តរជាតិ និងដៃគូទាំងអស់ ដែលអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាស្វាគមន៍ពិភពលោក ដោយភាពកក់ក្តៅ វប្បធម៌ មិត្តភាព និងការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ក្មេងស្រី និងយុវតី៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia