Connect with us

ព័ត៌មាន

រយៈពេល៥ខែឆ្នាំនេះ ក្រសួងរ៉ែប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានចំណូលប្រមាណ ៧០លានដុល្លារអាមេរិក

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិស័យរ៉ែកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៧០លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានរ៉ែ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃ ក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុង «សិក្ខាសាលាស្តីពីការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ» កាលពីថ្មីៗនេះថា បច្ចុប្បន្ន វិស័យរ៉ែបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេស និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាបាននូវនិរន្តរភាពក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមរ៉ែសំណង់ក្នុងតម្លៃសមរម្យនិងគ្រប់គ្រាន់ដល់តម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់តូចធំនានា បង្កើតការងារនិងឱកាសសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមចំណែកជាប្រភពចំណូលថ្មីដល់ថវិកាជាតិ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បញ្ជាក់ថា ជាក់ស្តែង ក្រសួងរ៉ែ និងថាមពលប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បានប្រមាណ ៧០លានដុល្លារអាមេរិកសម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ។ បន្ថែមលើចំណូលមិនមែន សារពើពន្ធ ការធ្វើប្រតិបត្តិការធនធានរ៉ែ ក៏ជាផ្នែកមួយនៃចំណូលពន្ធផងដែរ ជាពិសេសពន្ធគយ ដែលបានមកពីការ ធ្វើប្រតិបត្តិការនាំចេញផលិតផលរ៉ែរួមមានរ៉ែខ្សាច់ ដុំមាស រ៉ែដែក ថ្មអារ រ៉ែម៉ង់កាណែស ជាដើម ដែលបានធ្វើឱ្យការធ្វើប្រតិបត្តិការរ៉ែកាន់តែបានរួមចំណែកយ៉ាងធំធេងដល់ប្រភពចំណូលថវិកាជាតិ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ ក្រសួងរ៉ែ និងថាមពលប្រមូល បានប្រមាណ ១៣៥,៥៥លានដុល្លារអាមេរិក កើនឡើង៤៣,៧១% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៩៤,៣២ លានដុល្លារអាមេរិក។អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia