ព័ត៌មាន
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាពនៅកម្ពុជា
កម្ពុជានិងស្ថាប័ន DFC ផ្លាស់ប្តូរយោបល់លើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំ លើការពិនិត្យលទ្ធភាពសហការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាទិភាពមួយចំនួននៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC ក្នុងឱកាសដែល គណៈប្រតិភូកំពុងបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ លោកស្រី Caroline Vik និងសហការីទាំង អស់ ដែលមកបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថាប័ន DFC ដែលបានសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការអនុម័តកញ្ចប់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងអាកាសយាន- ដ្ឋានអន្តរជាតិតេជោនាពេលកន្លងមក និងបានបញ្ជាក់ជាថ្មីពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក.អ.ក. ផ្ទាល់ ក្នុងការត្រៀម លក្ខណៈជាស្រេច ដើម្បីផ្តល់កិច្ចសម្របសម្រួលចំពោះការប្រមូលព័ត៌មានពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សាសមិទ្ធិលទ្ធភាព របស់ DFC ។
ជាការឆ្លើយតប លោកស្រី Caroline Vik បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យដ៏ច្បាស់លាស់ និងភាព ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោកស្រី បានបញ្ជាក់ថា វិស័យដែលកម្ពុជាបានលើកឡើងទាំងអស់ខាងលើ គឺពិតជាមានភាពស្របគ្នា ទៅនឹងបេសកកម្មស្នូលរបស់ DFC ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការការពារខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកស្រីបានបង្ហាញឆន្ទៈក្នុងការនាំយកនូវ របៀបវារៈដែលបានពិភាក្សា ទៅពិនិត្យលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព មុននឹងឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការ ណាមួយ នាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំកម្ពុជា និងគណៈប្រតិភូ DFC បានផ្លាស់ប្តូរយោបល់យ៉ាងផុសផុស លើរបៀបវារៈ យុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថានឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំនាពេលអនាគតរួមមាន៖ (១)-ការពិនិត្យលទ្ធភាពសហការ លើការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង, និង (២)- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដូចជា បណ្តាញ ផ្លូវល្បឿនលឿន, ការពង្រីងវិសាលភាពកំពង់ផែ, និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម កម្ពុជា ២០២៣-២០៣៣ ដែលទាំងអស់នេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិដ៏សំខាន់៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦