ព័ត៌មាន
ក្រសួងសាធារណការ បើក«យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត» ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបរ របស់ក្រុមហ៊ុនផាសអ៊ែប
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បីដែលជាសមាជិក ដៃគូបើកបររបស់ ផាសអ៊ែប ថេកណឡជី ឯ.ក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាសអ៊ែប និងសហការី មន្ត្រីពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុន ផាសអ៊ែប។

យុទ្ធនាការបណ្តុះបណ្តាលនេះជាយុទ្ធនាការលើកដំបូងរៀបចំឡើងក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជាសេនាធិការ និងក្រុមហ៊ុនផាសអ៊ែប ជូនដល់សិក្ខាកាមជាអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុន ផាសអ៊ែប ចំនួនសរុបប្រមាណ ៣០០នាក់ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែម ជូនទៅបងប្អូនដែលជាអ្នកបើកបរម៉ូតូកង់បី អំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយទំនួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែល្អប្រសើរជូនសាធារណជន និងដើម្បីត្រៀមខ្លួនក្នុងការប្រឡងយកបណ្ណបើកបរត្រឹមត្រូវស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ថ្លែងក្នុងពិធីបើកយុទ្ធនាការបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០% ក្នុងរយៈពេល១០ឆ្នាំ (២០២១-២០៣០) ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ដូច្នេះ កម្មវិធីនេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យអ្នកបើកបរម៉ូតូកង់បី ដែលជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ប្រកបរបរប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្តិភាពរបស់អ្នកធ្វើដំណើរ ផងដែរ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការបណ្តុះបណ្តាលនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងពាក់ព័ន្ធដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយទៅដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់ខ្លួន៕












-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ