Connect with us

ព័ត៌មាន

ក្រសួងអប់រំ៖ គោលការណ៍ “អ្នកចេះគឺជាប់” បន្តអនុវត្តដោយម៉ឺងម៉ាត់ ធានាយុត្តិធម៌​ក្នុង​ការ​ប្រឡង

ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ​តែ​បន្តអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” ដើម្បីធានា​យុត្តិធម៌​សម្រាប់​យុវជន​ដែល​ខិត​ខំ​សិក្សា ​និងជាការកសាងធនធានមនុស្ស ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ BTV នៅថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៦នេះ ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ក្រសួង​អប់រំ នៅតែប្រកាន់គោលការណ៍គ្រឹះ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួល​យក​បាន ឬអ្នកចេះគឺជាប់។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ការបន្តអនុវត្តគោលការណ៍គ្រឹះទាំង ៤ ដោយ​ម៉ឺងម៉ាត់ គឺដើម្បីលើកតម្កើងទាំងគុណភាពក្នុងការសិក្សា យុត្តិធម៌នៅក្នុងសង្គម សុច្ចរិតភាព ជំរុញ​នូវការខិតខំប្រឹងប្រែងក្នុងកសាងធនធានមនុស្ស ដែលមានសមត្ថភាព រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះ​ទៅ​ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ៖«សរុបសេចក្ដីមក ការអនុវត្ត​គោលការណ៍ ​“អ្នកចេះគឺជាប់” នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ​មិន​មែន​គ្រាន់​តែ​ជាគោលការណ៍សម្រាប់តែការប្រឡងប៉ុណ្ណោះទេ។ ក៏ប៉ុន្ដែជាវប្បធម៌អប់រំ ដែល​ចូល​រួម​នៅ​ក្នុង​ការលើកតម្កើង ទាំងគុណភាពនៅក្នុងការសិក្សា យុត្តិធម៌ នៅក្នុងសង្គម សុច្ចរិតភាព ក៏​ដូច​ជា​ការ​ជំរុញនូវការខិតខំប្រឹងប្រែង ក្នុងការកសាងធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ សម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យស្របទៅតា​ម​គោល​ការណ៍​ក៏​ដូច​ជា​ទិស​ដៅ​របស់​រាជ​រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ»។

ចំណែក​សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ត​កណ្ដាល បានប្រាប់ BTV ថា ពួកគេពេញចិត្តចំពោះគោលការណ៍គ្រឹះ របស់ក្រសួងអប់រំ “អ្នក​ចេះ​គឺ​ជាប់” ពីព្រោះនេះ គឺជាការលើកទឹកចិត្តដ៏ធំសម្រាប់ពួកគេ។ ក្រុមសិស្សានុសិស្ស ដែល​បាន​ដាក់​គោល​ដៅ​ប្រឡងយកនិទ្ទេសល្អ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស អះអាងថា ក្រោម​ប្រឡង​ដ៏​តឹងរ៉ឹង លទ្ធផលដែលទទួលបានពីការប្រឹងប្រែង គឺជាមោទនភាព សម្រាប់គ្រួសារ និង​សង្គម​ជាតិ​។

សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយ​ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ អ្នកចេះគឺជាប់។ ខណៈនៅបាំងតែ ៥សប្ដាហ៍ទៀត ការ​ប្រឡងនឹងចូលមកដល់ ក្រសួងអប់រំ លើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្ស ស្វែង​យល់​ឱ្យ​បាន​ច្បាស់ពី លក្ខន្តិកៈ នៃដំណើរការប្រឡង ត្រូវបន្តការខិតខំសិក្សា និងថែរក្សាសុខភាព ដើម្បី​ត្រៀម​ការ​ប្រឡងដែលចូលមកដល់នៅខែសីហាខាងមុខនេះ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia