ព័ត៌មាន
ឆមាសទីមួយឆ្នាំនេះ គយប្រមូលចំណូលជូនជាតិបានចំនួនជាង ៦ពាន់ប៊ីលានរៀល មានការកើនឡើង ៤,៥ភាគរយ
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៦ បានសម្រេចចំណូលចំនួនជាង ៦ពាន់ប៊ីលានរៀល (៦ ២៧៨,២ ប៊ីលានរៀល) កើនឡើងប្រមាណ ៤,៥% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៥ ដែលលើសផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ឱ្យដឹងថា សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។ ឯកឧត្តម បានគូសរំលេចនូវការប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦កន្លងមក និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផលនៃការអនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ក្រៅពីការងារប្រមូលចំណូល ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក៏សម្រេចបាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម មានដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត, ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។
ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូលចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
កីឡា1 week agoកម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ