ព័ត៌មាន
កសិករក្រុងសំរោងដែលធ្លាប់បានរត់ភៀសសឹកកាលសង្គ្រាមថៃឈ្លានពាន បានបន្តរស់នៅក្នុងភូមិឋាន និងបង្កបង្កើនផលឡើងវិញ ដើម្បីជីវភាព និងធ្វើជារបងការពារព្រំដែន
កសិករនៅក្រុងសំរោងមួយចំនួន ដែលធ្លាប់បានរត់ភៀសសឹកកាលសង្គ្រាមថៃឈ្លានពាន បាននាំក្រុមគ្រួសារវិលត្រឡប់ទៅកាន់លំនៅឋាន ដើម្បីប្រមូលផលស្រូវ និងធ្វើជារបងការពារព្រំដែនទឹកដីដូនតា។
កសិកររស់នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រាប់ BTV ថា ពួកគាត់ បានសម្រេចចិត្តនាំក្រុមគ្រួសារត្រឡប់ពីជម្រកភៀសសឹក មកកាន់ភូមិឋានវិញ ដោយជម្នះភាពភ័យខ្លាច ដើម្បីប្រមូលផលស្រូវ ដែលបានដាំដុះកាលពីខែឧសភា និងដាំដំណាំឡើងវិញ។ បើទោះបី មានបទឈប់បាញ់ និងកិច្ចព្រមព្រៀមរវាងកម្ពុជានិងថៃរយៈពេលជិត១ឆ្នាំហើយក៏ដោយ ពួកគាត់នៅតែមានភាពភ័យខ្លាច បារម្ភខ្លាចថៃឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ទៀត ហើយការវិលមកកាន់លំនៅឋានវិញនាពេលនេះ ក៏ដើម្បីធ្វើជារបងការពារព្រំដែន ទឹកដីដូនតាផងដែរ កុំឱ្យយោធាថៃបន្តឈ្លានពានរំលោភចូលជ្រៅមកក្នុងទឹកដីកម្ពុជា ហើយក៏ស្របពេលដែលអាជ្ញាធរបានអនុញ្ញាតអោយពលរដ្ឋអាចវិលត្រឡប់មកកាន់លំនៅឋាន និងធ្វើស្រែចំការវិញបាន ចំពោះតំបន់ដែលពិនិត្យមើលថាមានសុវត្ថិភាព។

លោក ពាង ឡឹក រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ប្រាប់ថា លោកនាំគ្រួសារមករស់នៅភូមិវិញ កាលពីខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីការឈ្លានពាន របស់យោធាថៃ។ លោកប្រាប់ថា កសិករពឹងលើស្រែ ចម្ការ ម្លោះហើយត្រូវតែមកវិញ ដើម្បីបង្កបង្កើនផលផង ដើម្បីការពារភូមិឋានផង។
លោក ពាង ឡឹកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនិងគ្រួសារមកភូមិវិញកាលពីមេសា បន្ទាប់ពីអាជ្ញាធរប្រាប់ថា អាចមកវិញបាន។ ខ្ញុំមកនៅតែភ័យខ្លាច តែបើមិនមកមិនបានទេ ព្រោះយើងអ្នកស្រែកទុកស្រែកចម្ការចោលមិនកើត ទៅថ្ងៃមុនវាអត់មានអី។ ហើយបើយើងមិនមក ស្ងាត់ភូមិវាក៏អាចមកយកដីយើងដែរ អញ្ចឹងហើយទោះខ្លាចក៏ត្រូវតែមកវិញ»។

លោក ពេញ មាន រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ប្រាប់ថា លោកមកវិញបន្ទាប់ពីមានបទឈប់បាញ់។ លោកថា ការវិលមកវិញគឺជម្នះភាពភ័យខ្លាច តែក៏ជឿជាក់លើកងទ័ព និងអាជ្ញាធរដែរ ព្រោះអាជ្ញាធរចុះតាមមូលដ្ឋានជាប់ជានិច្ច។ លោកថា ការវិលមកវិញនេះចិត្តខ្លាច តែហាន ហានមកវិញការពារដីធ្លី ផ្ទះសម្បែង ពីព្រោះពេលមានមនុស្សនៅច្រើនថៃក៏មិនហានឈ្លានពានមកយកដីរបស់ពលរដ្ឋនោះដែរ។
លោក ពេញ មាន មានប្រសាសន៍ថា «មកវិញនេះក៏នៅតែខ្លាចដែរ ព្រោះយប់ខ្លះ ថៃបាញ់កាំភ្លើងចេតនាបង្អើលយើង។ តែខ្ញុំមិនរត់ទេ ព្រោះអាជ្ញាធរគាត់មកសួរសុខទុក្ខរហូតដែរ បើមានស្ថានការណ៍មិនស្រួលអីគាត់ជួយហើយ។ អញ្ចឹងហើយខ្ញុំទោះខ្លាច តែក៏ហាននៅផ្ទះ ព្រោះនេះជាផ្ទះខ្ញុំ ដីខ្ញុំ យើងមកនៅផ្ទះយើងវិញ នៅការពារដីយើង»។
ទឹកចិត្តមោះមុតរបស់កសិករ នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីស្នេហាជាតិ និងទឹកចិត្តក្លៀវក្លា មិនចុះញ៉មចំពោះការគំរាមកំហែង ពីសត្រូវឈ្លានពាន ដើម្បីឈរជារបងការពារដីធ្លី ផ្ទះសម្បែង ទឹកដីនដូនតា។
សូមជម្រាបជូន ថា ការឈ្លានពានពីយោធាថៃ ចំនួន ២លើក កាលពីឆ្នាំ២០២៥ បានបង្កឱ្យពលរដ្ឋនៅក្នុងខេត្តឧត្ដរមានជ័យ ចំនួន ៨៨២គ្រួសារទៀត ស្មើរពលរដ្ឋចំនួន ៣,៣៦៥នាក់ មកពីក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ត្រូវជម្លៀសទៅកាន់ជម្រកភៀសសឹក និងមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន និងត្រូវបានរៀបចំ ឱ្យរស់នៅក្នុងផ្ទះបណ្តោះអាសន្ន «ភូមិស្រះកែវចងចាំ»ស្រុកចុងកាល់ ដោយរាជរដ្ឋាភិបាល ផ្ដល់ជូនផ្ទះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ព្រមទាំងផ្ដល់កិច្ចគាំពារចាំបាច់នានា។ ហើយរាជរដ្ឋាភិបាល បានបន្តតវ៉ាគ្រប់យន្ដការច្បាប់អន្តរជាតិ ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេថៃ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងទាមទារដីដែលថៃ រំលោភបំពានត្រឡប់មកវិញ ដោយប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនជាឯកតោភាគី ដោយប្រើកងកម្លាំង៕ អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត