ព័ត៌មាន
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
មនី្ទរពេទ្យជាតិ តេជោសន្តិភាព នៃក្រសួងសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន ENT ENDOSCOPE, SIRIUS 60W THULIUM FIBER LASER, DEXA SCAN និង ERCPដើម្បីបង្កើនគុណភាពព្យាបាលអ្នកជំងឺ, នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
លោកវេជ្ជបណ្ឌិត អោម ណាវុធ ប្រធានការិយាល័យបច្ចេកទេស នៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានឲ្យដឹងថា ពិធីនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់មន្ទីរពេទ្យក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាវេជ្ជសាស្ត្រឯកទេស ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយប្រើបច្ចេកវិទ្យាទំនើប សំដៅធានាគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួលជូនអ្នកជំងឺ។ អត្ថប្រយោជន៍នៃឧបករណ៍វេជ្ជសាស្ត្រដែលត្រូវដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនេះ ៖ ១. ម៉ាស៊ីន ERCP (Endoscopic Retrograde Cholangiopancreatography) គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រឯកទេស ដែលរួមបញ្ចូលការឆ្លុះប្រព័ន្ធរំលាយអាហារ និងការថត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៃបំពង់ទឹកប្រមាត់ និងបំពង់លំពែង។ តាមរយៈបច្ចេកទេសនេះ ក្រុមគ្រូពេទ្យអាចយកគ្រួសចេញពីបំពង់ទឹកប្រមាត់ ពង្រីកតំបន់ដែលមានការរួមតូច ដាក់រ៉ឺស័រ (Stent) និងដោះស្រាយការស្ទះ ឬការឆ្លងមេរោគនៃផ្លូវទឹកប្រមាត់បានទាន់ពេលវេលា ដោយកាត់បន្ថយតម្រូវការ វះកាត់បើកពោះ កាត់បន្ថយហានិភ័យ និងជួយឱ្យអ្នកជំងឺឆាប់ស្ដារសុខភាពឡើងវិញ។ ២. ម៉ាស៊ីន SIRIUS 60W Thulium Fiber Laser គឺជាបច្ចេកវិទ្យាឡាស៊ែរជំនាន់ថ្មី សម្រាប់គាំទ្រ ការព្យាបាលជំងឺប្រព័ន្ធទឹកនោមដោយបច្ចេកទេសរាតត្បាតតិចតួច។ ឧបករណ៍នេះអាចប្រើប្រាស់សម្រាប់ បំបែកគ្រួសក្នុងតម្រងនោម បង្គួរនោម និងប្លោកនោម ព្រមទាំងគាំទ្រការព្យាបាលជំងឺរីកក្រពេញប្រូស្តាត តាមសូចនាករវេជ្ជសាស្ត្រសមស្រប។ ការប្រើប្រាស់បច្ចេកវិទ្យានេះ អាចជួយកាត់បន្ថយការហូរឈាម ការឈឺចាប់ និងរយៈពេលសម្រាកពេទ្យ ព្រមទាំងជួយឱ្យអ្នកជំងឺឆាប់វិលត្រឡប់ទៅប្រកបការងារប្រចាំថ្ងៃ។ ៣. ម៉ាស៊ីន DEXA Scan គឺជាឧបករណ៍វាស់កំហាប់ឆ្អឹងដែលមានភាពត្រឹមត្រូវខ្ពស់ សម្រាប់ជួយធ្វើ រោគវិនិច្ឆ័យជំងឺពុកឆ្អឹង វាយតម្លៃហានិភ័យនៃការបាក់ឆ្អឹង និងតាមដានប្រសិទ្ធភាពនៃការព្យាបាល។ ម៉ាស៊ីននេះ មានសារៈសំខាន់ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ ស្ត្រីក្រោយអស់រដូវ អ្នកជំងឺដែលប្រើថ្នាំបង្កើនហានិភ័យនៃការបាត់បង់កំហាប់ឆ្អឹង និងអ្នកដែលមានកត្តាហានិភ័យផ្សេងៗ។ ការរកឃើញជំងឺបាន ទាន់ពេលវេលា អាចជួយបង្ការ និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីការបាក់ឆ្អឹង។ ៤. ម៉ាស៊ីនឆ្លុះត្រចៀក ច្រមុះ និងបំពង់ក (ENT Endoscopy System) គឺជាបច្ចេកវិទ្យាឆ្លុះត្រចៀក ច្រមុះ និងបំពង់ក ដែលបំពាក់ដោយប្រព័ន្ធ រូបភាពកម្រិតច្បាស់ខ្ពស់ (HDI) និងប្រភពពន្លឺទំនើប។ ម៉ាស៊ីននេះអនុញ្ញាតឱ្យវេជ្ជបណ្ឌិតពិនិត្យមើល រចនាសម្ព័ន្ធខាងក្នុងបានច្បាស់លាស់ ជួយបង្កើនភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យ ការកត់ត្រារូបភាព និងការពិគ្រោះ ជាមួយអ្នកជំងឺ។ វាអាចគាំទ្រការស្វែងរក និងតាមដានជំងឺដូចជា រលាកឆ្អឹងប្រហោងមុខ (sinus) រ៉ាំរ៉ៃ ដុះសាច់ក្នុងច្រមុះ ជំងឺនៃបំពង់សំឡេង និងបញ្ហាផ្សេងៗនៃត្រចៀក ច្រមុះ និងបំពង់ក ព្រមទាំងគាំទ្រនីតិវិធី ព្យាបាលមួយចំនួនប្រកបដោយសុវត្ថិភាព។
នាឱកាសនោះលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន ទាំងនេះគឺជាការ បោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាលជំងឺ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាពយើង ឱ្យកាន់តែមានភាពទំនើប សុក្រឹត និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រសកល។ សមិទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះ គឺកើតចេញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍជាប្រចាំ របស់ក្រុមគ្រូពេទ្យ និងបុគ្គលិកគ្រប់រូប ហើយសមិទ្ធផលនេះជាមោទនភាពរួម ដែលប្រសូតចេញពីឆន្ទៈតែមួយ គឺការតម្កល់សុខុមាលភាព និងអាយុជីវិតរបស់អ្នកជំងឺជាអាទិភាព និងការរួមដៃគ្នាកសាងមន្ទីរពេទ្យឱ្យក្លាយជាទីពឹងដ៏កក់ក្តៅ និងផ្តល់សេចក្តីសង្ឃឹមយ៉ាងពិតប្រាកដសម្រាប់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត សួន សាមិត្ត បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ លោក លោកស្រី វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន៖ ទី១. សូមសហការគ្នាប្រើប្រាស់ម៉ាស៊ីទាំងនេះឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងចូលរួមថែរក្សាឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើផលប្រយោជន៍ អ្នកជំងឺ។ ទី២. សូមបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីផ្តល់នូវសេវាព្យាបាលដែលល្អបំផុត។ ទី៣. សូមបន្តបម្រើប្រជាពលរដ្ឋដោយស្នាមញញឹម ពាក្យសម្ដីទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ស្របតាមពាក្យស្លោក “អ្នកជំងឺជាអាទិភាពចម្បងរបស់យើង”៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»