Connect with us

ព័ត៌មាន

កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត

ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត ហើយត្រូវដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈ ទៅតាម​កិច្ចព្រមព្រៀងដែលមានស្រាប់​រវាងប្រទេសទាំងពីរ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងនិងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ​អះអាងផ្ទុយពីការពិតទាំងស្រុងថា កម្ពុជា បាន “បិទទ្វារ” ចរចាព្រំដែនគោក ដោយសារកម្ពុជា បានប្រកាសដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះថា កម្ពុជា​ សូមបញ្ជាក់ថា គឺប្រទេសថៃទេដែលបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាដើម្បីដោះស្រាយវិវាទក្នុងដែនសមុទ្របើទោះ​បីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំថៃខ្លួនឯងក៏ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនក៏យល់ព្រមប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយបង្ខំក្រោម​ក្របខណ្ឌ UNCLOS ​ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែរ ប៉ុន្តែ ពេលនេះថៃបែរជាងាកមកតវ៉ាមិនចង់ឱ្យកម្ពុជាប្រើយន្តការនេះទៅវិញ។

ចំណែកឯការកំណត់ខ័ណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការ JBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នារួចហើយតាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីឡើងវិញនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia