Connect with us

ព័ត៌មាន

ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ

ក្រសួងទេសចរណ៍ និងដៃគូផ្នែកឯកជន បានព្រមព្រៀងគ្នា ពង្រីកការអនុវត្តយុទ្ធសាស្រ្ត វិធាន​ការ​គន្លឹះ​បន្ទាន់​ និងជំរុញការអនុវត្តសកម្មភាពជាក់ស្តែង ពង្រីកការធ្វើទីផ្សារទេសចរណ៍ផ្ទាល់ និង​ទីផ្សារ ​«បូក១» ដើម្បីស្តារវិស័យទេសចរណ៍ និងពង្រឹងសេចក្តីទុកចិត្ត និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ពី​ទីផ្សារគោលដៅសំខាន់ៗមកកាន់កម្ពុជា។

លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បាន​ប្រាប់​BTV នៅថ្ងៃទី៣០ ខែកក្កដា នេះថា នៅក្នុងកិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆមាស​​ទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា CTB ​និងលើកទិសដៅការងារបន្ត គឺក្រុមការងារទេសចរណ៍ ផ្នែករដ្ឋ និងឯកជន បាន​សម្រេច​ដាក់​ចេញ​នូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ ពង្រីកការធ្វើទីផ្សារផ្ទាល់ និងទីផ្សារ «បូក១» សំដៅ​ទាក់​ទាញទេសចរអន្តរជាតិដែលទៅទស្សនានៅប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបូរី និង​ឥណ្ឌូនេស៊ី ជាដើម បន្តដំណើរមកទស្សនាកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា បញ្ហា​ប្រឈម​សំខាន់​ៗ​ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍បច្ចុប្បន្ន រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam, បញ្ហាព័ត៌មានមិនពិត ត្រូវបានផ្សព្វ​ផ្សា​យ​ច្រើន​នៅ​ក្រៅ​ប្រទេស និងបញ្ហាសង្គ្រាមមៅមជ្ឈិមបូព៌ា ដែលធ្វើ​ឱ្យ​កើនឡើ​ង​ថ្លៃ​ប្រេង​ឥន្ធនៈ​ដែល​ជះ​ឥទ្ធិពលដ​ល់ការធ្វើដំណើរអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមការងារទេសចរណ៍ផ្នែក រដ្ឋ និងឯកជន បានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និង​ទាក់​ទាញ​ទេសចរ​អន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» ​តាមរយៈវៀតណាម សិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការ​កសាង​ទំនុក​ចិត្ត​របស់​ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ ការ​អញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិ អញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ និងអ្នក​បង្កើត​មាតិកា​បរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍ជាដើម។

នៅ​ក្នុងកាលៈទេសៈលំបាកនេះ ឯកឧត្តម ក៏បានទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ និង​ពង្រឹងសមត្ថភាព ពង្រឹងភាពធន់ ពង្រឹងភាពម្ចាស់ការបន្ថែមទៀត សំដៅ​ជំរុញ​សន្ទុះ​វិស័យ​ទេសចរណ៍ ​ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និង​បត់​បែន​ឱ្យទាន់សភាពការណ៍ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និង​និរន្តរភាព​៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia