Connect with us

ព័ត៌មាន

វេជ្ជបណ្ឌិត៖ ការផ្សំថ្នាំឱ្យកុមារកើតជំងឺគ្រុនឈាមដោយខ្លួនឯង កុមារប្រឈមគ្រោះថ្នាក់ដល់ជីវិត

វេជ្ជបណ្ឌិតជំនាញ អំពាវនាវដល់ឪពុកម្ដាយ នាំកុមារដែលមានអាការៈគ្រុនក្ដៅខ្លាំងភ្លាមៗ ទៅ​កាន់​មន្ទីរ​ពេទ្យរដ្ឋឱ្យបានឆាប់ ចៀសវាងការផ្សំថ្នាំដោយខ្លួនឯង ព្រោះអាច​ធ្វើ​ឱ្យកុមារ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

លោកវេជ្ជបណ្ឌិត វ៉ិត ចាន់ដេត ប្រធានផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ថា លោកមានការព្រួយបារម្ភចំពោះជំងឺគ្រុនឈាម លើកុមារ ខណៈ​ដែលមន្ទីរពេទ្យរបស់លោក មានកំណើនកុមារគ្រុនឈាមខ្ពស់ជាងឆ្នាំមុន ដល់ទៅ ៣ដង។ លោក​ថា ទន្ទឹមនិងចំនួនកុមារឈឺគ្រុនឈាមកើនឡើង ករណីធ្ងន់ក៏នៅតែមាន ពីព្រោះ​អាណា​ព្យាបាល ​បានផ្សំថ្នាំដោយខ្លួនឯង ដែលនាំឱ្យអ្នកជំងឺមានសភាពធ្ងន់ មានហូរឈាមតាម មាត់ ច្រមុះ និងក្អូតឈាមជាដើម។

ចំណែកអាណាព្យាបាល ដែលបាននាំកូនទៅសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅមន្ទីរ​ពេទ្យ​បង្អែក​​ជ័យ​ជំនះ បានប្រាប់ថា កូនរបស់ពួកគេផ្សេងទៀត ក៏ធ្លាប់កើតជំងឺគ្រុនឈាមដែរ។ ប៉ុន្ដែ​លើ​ក​នេះ​ធ្ងន់​ជាងកូនមុនៗ ពីព្រោះមានអាការៈញាក់ និងចុកពោះខ្លាំង។ នៅក្នុងរដូវវស្សានេះ ជំងឺ​គ្រុន​ឈាម​កើន​ឡើង ពួកគេ អំពាវនាវដល់ឪពុក ម្ដាយគ្រប់រូប យកចិត្តទុកដាក់លើកូន បើកូន​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ សូមនាំមកកាន់មន្ទីរពេទ្យរដ្ឋឱ្យបានឆាប់ដើម្បីពិនិត្យរកជំងឺគ្រុនឈាម។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ ការចម្លងជំងឺគ្រុនឈាម ហាក់មានចំនួនកើនឡើង លើ​មនុស្ស​ពេញ​វ័យ ​ស្រ្ដីមានផ្ទៃពោះ និងកុមារ។ ក្រសួងសុខាភិបាល អំពាវនាវដល់​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ពិសេសស្រ្ដីមានផ្ទៃពោះ និងកុមារ ត្រូវការពារខ្លួនពីជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាម អាច​បង្ក​គ្រោះថ្នាក់ធ្ងន់ដល់ជីវិត បើសិនព្យាបាលមិនបានត្រឹមត្រូវ ពិសេសស្រ្ដីមានផ្ទៃពោះ និង​កុមារ​។ ​បន្ថែមពីនេះក្រសួង បានទទូចដល់អាណាព្យាបាល នាំអ្នកជំងឺដែលសង្ស័យថា ឆ្លង​ជំងឺ​គ្រុន​ឈាម ដែលមានអាការៈគ្រុនក្ដៅខ្លាំងភ្លាមៗ មកកាន់មន្ទីរពេទ្យរដ្ឋ ឱ្យបានឆាប់ និងមិន​ត្រូវ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯងនោះឡើយ ពីព្រោះអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia