ព័ត៌មាន
សម្ដេចធិបតី៖ សិស្សជាង១២ម៉ឺននាក់ប្រលងជាប់បាក់ឌុបឆ្នាំនេះ ជាការខិតខំរបស់សិស្ស និងគ្រប់ភាគីពាក់ព័ន្ធ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអបអរសាទរដល់សិស្ស និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបក្នុងឆ្នាំនេះជាង ១២ម៉ឺននាក់ ដែលលទ្ធផលនេះ គឺជាការខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹក នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីមានប្រសាសន៍ថា វឌ្ឍនភាពដ៏ល្អប្រសើរនេះ គឺជាលទ្ធផលនៃការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយ ការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន, និង ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់។
សម្តេចធិបតីបានកោតសរសើរក្រសួងអប់រំ យុវជន និង កីឡា ដែលបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពអប់រំនៅគ្រប់កម្រិត, ធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស, និង ពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ក្នុងបរិការណ៍ពហុវិបត្តិ, ជាពិសេស ក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ ប្រឹងងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស។
សម្តេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការពង្រឹងគុណភាពប្រជាពលរដ្ឋ ជាពិសេស កុមារ និង យុវជន ដែលជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល, ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងមក និងបច្ចុប្បន្នយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ, ព្រមទាំងសីលធម៌ វិន័យ និងមនសិការស្នេហាជាតិ។ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញវិជ្ជាជីវៈដល់យុវជន ដោយធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» សំដៅលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ និងចូលរួមក្នុងកាអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឆាប់រហ័ស ប្រកបដោយ បរិយាប័ន្ន និងចីរភាព។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលពិតជាមានមោទនភាព ចំពោះការងារអភិវឌ្ឍមូលធនមនុស្សកម្ពុជា ដែលមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ជាបន្តបន្ទាប់។ វឌ្ឍនភាព នៃវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានការអភិវឌ្ឍឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង សេវាកម្ម។
សម្តេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងសិក្សាដាក់ចេញនូវផែនការ, យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ដែលមានលក្ខណៈប្រាកដនិយម សម្រាប់ជំរុញការកសាង និងពូនជ្រំមូលធនមនុស្សកម្ពុជា ស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុង «យុគមាស» នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជា ដៃម្ខាង ត្រូវប្រឹងប្រែងកសាងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ដោយឈរលើធនធានដែលមានស្រាប់ និងដៃម្ខាងទៀត ត្រូវពុះពារអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឈោងចាប់យកតម្លៃបន្ថែមកាន់តែខ្ពស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ពីក្នុងស្រុក ទៅកាន់តំបន់ និងសកលលោក។
សម្តេចធិបតីបានបញ្ជាក់ថា មូលធនមនុស្សជា «គ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសជាតិ» ពោលគឺ ការអភិវឌ្ឍជាតិឱ្យរីកចម្រើន រឹងមាំ បរិយាប័ន្ន និង ចីរភាព ត្រូវពឹងផ្អែកលើគុណភាពធនធានមនុស្ស ដែលមានទាំងចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ វិន័យ និងឧត្តមគតិស្នេហាជាតិ៕





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា