កីឡា
កម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
កម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន ។ នេះបើតាមប្រសាសន៍លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប។

ក្នុងនាមជាប្រធានប្តូរវេនបន្តពីប្រទេសវៀតណាម កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ផែនការការងារអាស៊ានស្តីពីកីឡា សម្រាប់ឆ្នាំ២០២៦-២០៣០ តាមរយៈការគាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងមន្ដ្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន ដោយលោកជំទាវបានចាត់ទុកកិច្ចប្រជុំឧត្តមមន្រ្តីកីឡានេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពិនិត្យវឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអាស៊ាន ឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។

កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាពីសមិទ្ធផលនៃការសម្រេចរបស់កិច្ចប្រជុំឧត្តមមន្ដ្រី និងរដ្ឋមន្ត្រីកីឡាអាស៊ាន ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០២៥ ជាពិសេសការវាយតម្លៃផែនការការងារកីឡាអាស៊ានឆ្នាំ២០២១–២០២៥ និងការអនុម័តផែនការការងារកីឡាអាស៊ានឆ្នាំ២០២៦–២០៣០។ សម្រាប់ផែនការការងារកីឡាអាស៊ាន បានកំណត់វិស័យកីឡាជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្តសញ្ញាណវប្បធម៌ និងកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
ក្នុងនាមក្រសួងអប់រំ លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។ លើសពីនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។
ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នាពេលអនាគត រួមមានការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨, ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះទៀតផង។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំកិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន បានឲ្យដឹងថា ក្រៅពីរបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំ ក៏នឹងមានកម្មវិធីមួយចំនួនផងដែរ រួមមានកម្មវិធីរត់កម្សាន្ដពីមុខប្រាសាទអង្គរវត្ត ទៅកាន់ប្រាសាទបាយ័ន, កម្មវិធីទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងកម្មវិធីសម្ដែងក្បាច់គុនបុរាណចម្រុះរបស់អាស៊ាន កំឡុងពិធីអាហាសាមគ្ដី ក្នុងគោលបំណងលើកកម្ពស់កីឡាបុរាណ ពង្រឹងការផ្លាស់ប្ដូរវប្បធម៌ ក្នុងន័យលើកទឹកចិត្តឲ្យយុវជនចូលរួម និងពង្រឹងសាមគ្គីភាពក្នុងតំបន់ផងដែរ៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣