Connect with us

ព័ត៌មាន

ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ

តាមផែនការគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា ទៅ​កាន់​ទីក្រុង​រណប​មេគង្គ​ឃី ​នឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខនេះ។​ នេះគឺជាគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យុទ្ធ​សាស្ត្រដ៏មានសារៈសំខាន់ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី​សម្រាប់​អភិវឌ្ឍន៍​ប៉ូល​សេ​ដ្ឋកិច្ច​ភាគខាងកើតនៃរាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។

គម្រោង​ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុង​ក្រុង​អរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជ​ធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទាន បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​សាងសង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជុំវិញ​គម្រោងអភិវឌ្ឍន៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន​បង្ហាញ​ក្តី​រីករាយ និងរំពឹងថា នៅពេលស្ពាននេះសាងសង់រួចរាល់ការធ្វើដំណើរ និងការដឹក​ជញ្ជូន​ទំនិញ និង​កសិផ​ល​របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល លឿនរហ័ស និងចំណេញពេលវេលា ពី​ព្រោះការធ្វើដំណើរទៅផ្សារ ឬធ្វើការនៅរាជធានីភ្នំពេញនឹងលែងលំបាកដូចមុន មិន​បាច់​រង់​ចាំ​ឡើង​កាណូត ឬវាងទៅស្ពានជ្រោយចង្វារយូរនោះទេ។

ពួកគេ បានឱ្យដឹងទៀតថា ស្ពានថ្មីនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ទី​ក្រុង​កាន់​តែ​ឆាប់​រហ័សលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងលើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ច​ជាតិ​ស្រប​តាម​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​។

ក្នុងកម្មវិធីចុះហត្ថលេខាកាលពីសប្តាហ៍មុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា​ គម្រោងនេះ​គឺ​ជា​គំនិត​ផ្តួច​ផ្តើ​មប្រ​កប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លួវ ស្ពានប្រទាក់​ក្រឡា​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមបន្តថា គម្រោងនេះនឹង​ជួយ​ជំរុញ​ការ​តភ្ជាប់​រវាង​ភាគ​ខាង​កើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកក​ស្ទះច​រាចរណ៍​នៅ​ក្នុង​ទី​ក្រុង និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រជាជន​រស់​នៅ​ភាគ​ខាង​កើត​រាជធានី​ភ្នំពេញ និងក្នុងខេត្តកណ្តាល៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia