Connect with us

ព័ត៌មាន

អាជ្ញាធរកម្ពុជាសម្របសម្រួលដឹកជញ្ជូនទេសចរលើនាវា Villa Vie Odyssey ធ្វើដំណើរកម្សាន្តដោយមិនគិតថ្លៃ

អាជ្ញាធរខេត្តព្រះសីហនុ បាននិងកំពុងសហការគ្នាប្រចាំការផ្តល់ការសម្របសម្រួលល្អ ដោះស្រាយរាល់សំណូមពរ និងបានដឹកជញ្ជូនទេសចរអន្តរជាតិទាំងអស់លើនាវាអន្តរជាតិ Villa Vie Odyssey ធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្ត និងក្រៅខេត្ត ដោយមិនមានការគិតថ្លៃ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែតុលានេះ ថា នៅពេលនេះ មន្ត្រីជំនាញ ដែលមានសមត្ថកិច្ចរៀងៗខ្លួន បាននិងកំពុងរួមគ្នាប្រចាំការផ្តល់ការសម្របសម្រួលល្អ ដោះស្រាយរាល់សំណូមពរ និងតម្រូវការផ្សេងៗ ដូចជា បញ្ហាទិដ្ឋាការ ការស្នាក់នៅតាមសណ្ឋាគារ និងការដឹកជញ្ជូនធ្វើដំណើរកម្សាន្តដោយមិនគិតថ្លៃសេវា ជាដើម ជូនដល់ភ្ញៀវទេសចរអន្តរជាតិនៅលើនាវាអន្តរជាតិ វីឡា វី អូឌីស៊ី ក្នុងអំឡុងពេលនាវាអន្តរជាតិខ្នាតយក្សមួយនេះ មិនទាន់អាចបន្តដំណើរទៅមុខបាន ដោយ សារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ប្រេងមិនទាន់តាមសេចក្តីតម្រូវការ។

ការរួមគ្នាប្រចាំការរង់ចាំអន្តរាគមន៍ជួយដល់ភ្ញៀវទេសចរអន្តរជាតិនោះ គឺបានធ្វើឡើងស្របតាមណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដៅផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងលើផ្នែកសុខុមាលភាព សុវត្ថិភាព កិត្តិយស ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នេះ។

សូមបញ្ជាក់ថា នាវាអន្តរជាតិ Villa Vie Odyssey ផ្ទុកអ្នកដំណើរ ៣៥៩នាក់ ក្នុងនោះ អ្នកដំណើរទេសចរណ៍២០៣នាក់ មាន១៥សញ្ជាតិ និងនាវឹក១៥៦នាក់ បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ តាមផែនការគ្រោងទុក នាវានឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ប៉ុន្តែដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុ ការផ្គត់ផ្គង់ប្រេង និងតម្លៃទីផ្សារប្រេងជាសកលកំពុងឡើងថ្លៃ បានធ្វើឲ្យនាវាទេសចរណ៍អន្តរជាតិមួយនេះបន្តការឈប់សំចតនៅរហូតដល់ពេលនេះ ហើយតាមការគ្រោង នាវានេះ នឹងអាចចេញដំណើរបាន នៅថ្ងៃទី៣១ ខែតុលា ស្អែកនេះ។អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia