Connect with us

ព័ត៌មាន

ប្រធានសមាគមCMA៖ រយៈពេល១០ខែឆ្នាំនេះ ប្រាក់បញ្ញើអតិថិជន​នៅគ្រឹះស្ថាន​ហិរញ្ញវត្ថុ​កើន​ក្នុង​រង្វង់ ៥%

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦ ប្រាក់​បញ្ញើ​អតិថិជននៅតាមគ្រឹះស្ថាន ហិរញ្ញវត្ថុ បានបន្តកើនឡើងនៅក្នុងរង្វង់ប្រមាណ ៥ ភាគរយ ដោយ​សារ​ទំនុកចិត្តរបស់សាធារណជនមកលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើ​ង​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ​BTV ស្តីពីកិច្ចដំណើរ និង ប្រតិបត្តិការហិរញ្ញវត្ថុ និងការទទួលប្រាក់បញ្ញើអតិថិជន របស់​គ្រឹះ​ស្ថាន​ធនាគារនិងហិរញ្ញវត្ថុ នេះថា ជុំវិញប្រតិបត្តិការអាជីវកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បច្ចុប្បន្ន​បាន​ដំណើរ​ជា​ធម្មតា ទោះបីមានឧបសគ្គខ្លះៗក៏ដោយ ក៏ប្រតិបតិបត្តិការ​ហិរញ្ញ​វត្ថុ​នៅ​បន្ត​ពូន​ជ្រុំ​ដល់​អតិថិជន គ្រាន់តែការផ្តល់ប្រាក់កម្ចីទាំងនោះអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បី​ជំរុញ​ប្រក​ប​ដោយ​ភាព​ជោគជ័យទាំងប្រតិបត្តិករ និងអតិថិជន។

លោក បន្តឱ្យដឹងថា ជុំវិញការឥណទានបច្ចុប្បន្ន បានដំណើរនៃការផ្តល់ឥណទានជាធម្មតា ប៉ុន្តែ​ស្ថាន​ភាព​នៃការផ្តល់នេះ ស្ថិត ក្នុងកម្រិតនៃការផ្តល់ឥណទានទាបជាងមុខបន្តិច ជាក់​ស្តែង​នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ២០២៦នេះ មានកំណើនឥណទានក្នុងរង្វង់ ជាង ១ ភាគរយ នៅ​ក្នុង​វិស័យ​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលប្រាក់សន្សំ ឬហៅថា ប្រាក់បញ្ញើអតិថិជន បាន​បន្ត​មាន កំណើនក្នុងរង្វង់ប្រមាណ ៥ ភាគរយ។ លោក បន្តថា ចំពោះការ​កើន​ឡើង​ប្រាក់​សន្សំ​នេះ ​គ្រឹះនីមួយៗក៏មានការថ្លឹងថ្លែងយ៉ាងម៉ត់ចត់ ជំរុញឱ្យមាន​សមតុល្យ​ទៅ​និង​ការ​ផ្តល់​ឥណទាន ដើម្បីចៀសវាងការសល់សាច់ប្រាក់ច្រើននាំឱ្យគ្រឹះស្ថានមានការខាតបង់។

លោក សុខ វឿន លើកឡើងបន្ថែមថា ជុំវិញការ​កើន​ឡើង​នៃ​ប្រាក់​បញ្ញើ​នេះ​មាន​កត្តា​ជា​ច្រើន​ដូចជា​៖ ដោយសារសាធារណជនមានទំនុកចិត្តមកលើគ្រឹះធនាគារនិងហិរញ្ញវត្ថុ (ដាក់​ប្រាក់​នៅ​ធនាគារ និង​ហិរញ្ញវត្ថុ ស្រួលក្នុងការចាយវាយដោយមិនកាន់ក្រដាស់ប្រាក់), ការដាក់​ប្រាក់​បញ្ញើ​ដើម្បី​ទទួល​បានអត្រាការប្រាក់ និងជាពេលវេលាដែលមិនទាន់សមស្របលើការវិនិយោគជាដើម។

សូមបញ្ជាក់ថា ជុំវិញគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ បើយោង​តាម​របាយការណ៍​ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា មានចំនួន ៦១ (ធនាគារ​ពាណិជ្ជ ​៥៨ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៣) និងមាន​ទ្រព្យ​សកម្ម​បាន​កើន​ឡើង​ ២,៤% ដល់ជាង ៣៨៦ ទ្រីលានរៀល ត្រូវមានជាង ៩៦ ប៊ីលានដុល្លារអាមេរិក ដោយ​ឥណទាន​អតិថិជនកើនឡើង ៤,៤% ដល់ជាង ២៤៤ ទ្រីលានរៀល ត្រូវជាង ៦១ ប៊ីលាន​ដុល្លារ​អាមេរិក​ និងមានចំនួន ៣,៨ លានគណនី។ ចំណែក​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន ១០៤ (ធនាគារឯកទេស៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៥ គ្រឹះ​ស្ថាន​ភតិសន្យាហិរញ្ញវត្ថុ១២) និងគ្រឹះស្ថានឥណទានជនបទមានចំនួន ៨៨៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia