Connect with us

ព័ត៌មាន

អ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី

ចុងភៅល្បីៗនៅកម្ពុជា និងអន្តរជាតិ នឹងបង្ហាញថ្វីដៃចំណិនម្ហូបអាហារ នៅក្នុងភូមិហ្រ្វង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានអនុគណៈកម្មការទី៥ ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» បានថ្លែងថា តំបន់ម្ហូបអាហារដែលជាតំបន់មួយបានរៀបចំក្នុងភូមិហ្រ្វង់កូហ្វូនី នឹងប្រមូលផ្តុំម្ហូបអាហារបែបប្រពៃណី និងវប្បធម៌របស់ប្រទេសនីមួយៗជាសមាជិកហ្រ្វង់កូហ្វូនី។ ហើយកាន់តែពិសេសបន្ថែមទៀតនោះ គឺចុងភៅល្បីៗនៅកម្ពុជា និងអន្តរជាតិ នឹងបង្ហាញថ្វីដៃចំអិនម្ហូបអាហារនៅទីនោះថែមទៀត។ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ហើយការចូលទស្សនាដោយសេរីមិនគិតថវិការនោះឡើយ។

គួរបញ្ជាក់ដែរថា «ភូមិហ្វ្រង់កូហ្វូនី» រៀបចំនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយពិធីបើកនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវអគ្គលេខាធិការនៃអង្គការ OIF នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងភូមិហ្វ្រង់កូហ្វូនី មានការបង្ហាញសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ។ល៕

អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia