Connect with us

ព័ត៌មាន

អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%

ភ្នំពេញ៖ គិតមកដល់ពេលនេះ ការសាងសង់អគារ វីវីអាយភី VVIP នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ដែលរួមបញ្ចូលអត្តសញ្ញាស្ថាបត្យកម្មខ្មែរ និងស្តង់ដារទំនើប នៃអាកាសចរណ៍ស៊ីវិល សម្រេច​បាន​ជាង​ ៩៩.៩%ហើយ ក្នុងគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅរាក់ទាក់ សម្រាប់​ការ​ទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC)។

នៅក្រោយចប់ពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃ​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧកញ៉ា ឆារស៍ វ៉ាន់ បាន​មាន​ប្រសាសន៍ឱ្យដឹងថា អគារ VVIP នេះ ចំណុចដែលនៅសេសសល់ គឺត្រូវការតែ​ផ្នែ​ក​សម្អាត ​ការបន្ថែមគ្រឿងសង្ហារឹម និងការកម្អរសួនជាដើម ដើម្បីឱ្យអគារថ្មីនេះ កាន់តែស្រស់​ស្អាត​ថែម​ទៀត។ លោក បានបន្តថា អគារនេះ បានដាក់បញ្ចូល​អត្ត​សញ្ញាណ​ខ្មែរ​ជាមួយ​ការ​រចនា​ទំនើប ​អាចក្លាយជាចំណុចសម្គាល់ស្ថាបត្យកម្មមួយ និងជួយលើក​កម្ពស់​រូប​ភាព​នៃ​ការ​ទទួល​បដិ​សណ្ឋារ​កិច្ច​របស់កម្ពុជា។ ទោះយ៉ាងណា ភាពលេចធ្លោនៃសំណង់​ត្រូវ​ដើរ​ទន្ទឹម​នឹង​ភាព​អនុ​លោម​តាម​តម្រូវ​ការនិយតកម្ម ការគ្រប់គ្រងហានិភ័យ ភាពធន់នឹងអាកាសធាតុ និងការ​ចំណាយ​ប្រតិបត្តិ​ការ​ប្រកបដោយចីរភាព។

ការរៀបចំពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោនាពេលនេះ ដើម្បីធានាថា អាកាសយានដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​នេះ ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែល​នឹង​អញ្ជើញ​ចូល​រួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ខណៈកម្ពុជាធ្វើជា ម្ចាស់ផ្ទះក្នុងការរៀបចំ ដែល​នឹងចាប់ផ្តើម ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

សូម​បញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបាន​ចាត់​ថ្នាក់​ជា​អាកាស​យាន​ដ្ឋាន​លំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋានដ៏ទំនើបនេះមានសមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia