Connect with us

ព័ត៌មាន

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»

នៅព្រឹកថ្ងៃនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំ “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ២០២៦ ពីកម្ពុជាទៅកាន់ទីផ្សារសាកល” ក្រោមមូលបទ “ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប” ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព និងវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្ម, ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ Silke Rofer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាព អឺរ៉ុបប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

នេះជាឱកាសដ៏វិសេសវិសាលក្នុងការស្វែងយល់ផ្ទាល់ពីទិសដៅគោលនយោបាយ និងជួបពិភាក្សាការងារជាមួយ អ្នកទិញអន្តរជាតិ វិនិយោគិន ក៏ដូចជាអ្នកជំនាញឈានមុខ ដើម្បីសិក្សាស៊ីជម្រៅពីតម្រូវការទីផ្សារអឺរ៉ុប វិធីសាស្រ្តកែលម្អ គុណភាព និងការកែច្នៃផលិតផលឱ្យស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងឱកាសនៃកម្មវិធីនេះ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ក្នុងវេទិកា ឱ្យយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសក្នុងការស្វែងរកឱកាសវិនិយោគ ការផ្សារភ្ជាប់បណ្តាញទីផ្សារ និងការពង្រីកអាជីវកម្មលើផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី និងម្រេច។

នៅក្នុងអង្គពិធីនេះ ថ្នាក់ដឹកនាំក៏បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចាប់យកឱកាសពីវេទិកានេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងរកដៃគូសហការថ្មីៗ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការផលិត ការកែច្នៃ ការវេចខ្ចប់ និងការធ្វើពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង។

ជាពិសេស ការជំរុញឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករ សហគមន៍កសិកម្ម សហគ្រាស អ្នកវិនិយោគ និងពាណិជ្ជករ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតខ្សែច្រវាក់តម្លៃផលិតផលកសិកម្មឱ្យកាន់តែរឹងមាំ។ ការធ្វើបែបនេះនឹងជួយបង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុក បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ ព្រមទាំងជួយពង្រីកទីផ្សារសម្រាប់ផលិតផលស្វាយចន្ទី និងម្រេចកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

តាមរយៈព្រឹត្តិការណ៍នេះ ក៏ត្រូវបានរំពឹងទុកថានឹងនាំមកនូវ ចំណេះដឹង បទពិសោធន៍ថ្មីៗ និងការបង្កើតបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម (B2B Matchmarking) ដើម្បីរួម ចំណែកជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេចខ្មែរទៅកាន់ទីផ្សារសាកលឱ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព។

សូមជំរាបជូនថា វេទិកាពាណិជ្ជកម្មខាងលើនេះ មិនត្រឹមតែមានការថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការរៀបចំកិច្ចពិភាក្សាដេញដោលពីអ្នកជំនាញ ការតាំងពិព័រណ៌ផលិតផលស្វាយចន្ទី និងម្រេចមកពីបណ្តាខេត្តនានា ព្រមទាំងជំនួបពិភាក្សាពាណិជ្ជកម្មផ្ទាល់ ក្នុងគោលបំណងចងក្រងសម្ព័ន្ធភាពសេដ្ឋកិច្ច និងជម្រុញសក្តានុពលនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia