Connect with us

ព័ត៌មាន

យុវជនខ្មែរនៅតែពេញនិយមរៀនភាសាបារាំងដែលជាស្ពានសំខាន់មួយក្នុងធ្វើដំណើរទៅកាន់ទំនាក់ទំនងសកល

ភាសាបារាំងនៅតែទទួលការចាប់អារម្មណ៍រៀនសូត្រច្រើនពីសំណាក់យុវជនជំនាន់ក្រោយ ដើម្បីជួយជំរុញដល់ការទំនាក់ទំនងជាសកល។

នាវិទ្យាស្ថានបារាំង ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ បាននឹងកំពុងដើរតួនាទីសំខាន់ ក្នុងការជួយបណ្តុះបណ្តាលធនធានសមត្ថភាពយុវជនជំនាន់ក្រោយលើភាសាបារាំង ដោយវិទ្យាស្ថាន បានដាក់ចេញកម្មវិធីសិក្សាជាច្រើន សំដៅ ធ្វើយ៉ាងណាជួយបង្រៀនដល់សិស្ស និងនិស្សិតទាំងអស់ ឲ្យទទួលបានចំណេះដឹងពិតប្រាកដ និងការនិយាយភាសាបារាំងបានស្ទាត់ជំនាញ ដើម្បីបន្តអនាគត់ជីវិតសម្រាប់ខ្លួនឯង និងសម្រាប់ជាថ្នាល នៃការបន្តជួយដល់ទំនាក់ទំនង ឬការទូតនានារបស់ប្រទេសជាតិ នៅពេលមានតម្រូវការប្រើប្រាស់ភាសាបារាំង ។

វិទ្យាស្ថាននេះ មានបណ្ណាល័យធំៗ សម្រាប់ការចូលទៅអង្គុយសិក្សារៀនសូត្រ និងអានសៀវភៅស្វែងយល់ពីចំណេះ ដោយពុំមានការគិតប្រាក់នោះឡើយ ហើយក៏បើកទ្វារយ៉ាងទូលាយសម្រាប់យុវជន យុវនារី សិស្ស ក៏ដូចជានិស្សិតមកពីគ្រប់ទិសទី ដោយមានទាំងសៀវភៅប្រវត្តិសាស្ត្រ សៀវភៅភាសាអង់គ្លេស និងពិសេសសៀភៅភាសាបារាំងតែម្តង ដែលមានច្រើនជាងគេ ។

លោក និត នីនីត គ្រូបង្រៀនភាសាបារាំង នៃវិទ្យាស្ថានបារាំង ក្នុងរាជធានីភ្នំពេញ បានសម្តែងក្តីមោទនភាព ក្នុងនាមជាកូនខ្មែរ ដែលអាចមានឱកាសក្នុងចែករំលែក និងបង្រៀនភាសាបារាំង ទៅកាន់ប្អូនៗជំនាន់ក្រោយ តាមរយៈចំណេះដឹងដែលខ្លួនបានខំប្រឹងរៀនសូត្រកន្លងមក ។ កាន់តែជាទីមោទនទៀតនោះ គឺនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ ដែលវាជួយឲ្យអ្នកបន្តវេនរបស់កម្ពុជា ដែលអ្នកចេះនិយាយ ឬកំពុងបម្រើការងារ លើផ្នែកជំនាញភាសាបារាំង កាន់តែសប្បាយចិត្ត និងរំភើបក្រៃលែង ផងដែរ ។

ក្រុមនិស្សិត នៃវិទ្យាស្ថាននេះ បានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងលើជំនាញភាសាបារាំង ដើម្បីប្រែក្លាយជាធនធានសំខាន់មួយសម្រាប់ជាតិ នាថ្ងៃអនាគត់ ដើម្បីជួយជាតិទំនាក់ទំនងជាសកល ទាំងលើវិស័យការទូត ទេសចរណ៍ និងអន្តរជាតិជាដើម ។

សូមបញ្ជាក់ថា វិទ្យាស្ថានបារាំងមួយនេះ ក៏នឹងចូលរួមក្នុងភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស ដែលប្រើប្រាស់ភាសាបារាំង និងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសទាំងនោះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ៕

អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia