Connect with us

ព័ត៌មាន

ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីតាមបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗ

ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីនៅតាមប្រទេសមួយចំនួន បានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី លើកទី៤៨ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានាទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ។

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ គេសង្កេតឃើញវត្តមានលោកជំទាវ Marie-Edith TASSYLA-YE-DOUMBENENY ( ម៉ារី អេឌី តាស៊ីឡា យិះ ឌូបេននីនី) រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណៈរដ្ឋហ្គាបុង (GABON) និងក្រុមឧត្តមមន្ត្រីនៅតាមបណ្តាប្រទេសនិយាយភាសាបារាំងនានាទៀត ដែលជាគណៈប្រតិភូជាន់ខ្ពស់ដំបូង បានអញ្ជើញមកដល់រាជធានីភ្នំពេញ ក្រោមកិច្ចបដិសណ្ឋារកិច្ចរបស់ឯកឧត្តម ឡង់ យ៉េស អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារនានាជាច្រើនទៀត។

សម្រាប់ទិដ្ឋភាពនៅតាមកំណាត់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិតេជោ ចូលមកកាន់រាជធានីភ្នំពេញ មានលើកស្លាកតូចធំជាច្រើន ជាសញ្ញានៃការទទួលស្វាគមន៍ដំណើរមកកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង និងមានលើកស្លាក ស្នាមញញឹមខ្មែរ ជាស្នាមញញឹមហ្វ្រង់កូហ្វូនី និងការបង្ហាញអត្តសញ្ញាណខ្មែរ និងពិភពហ្វ្រង់កូហ្វូនីជាច្រើទៀត ហើយនៅតាមកំណាត់ផ្លូវខ្លះទៀត ក៏កំពុងបន្តលើកស្លាកទាំងនោះជាច្រើនទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺមានគណៈប្រតិភូជាន់ខ្ពស់ជិត៨០ប្រទេស ដោយក្នុងនោះថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់រដ្ឋមន្ត្រី គណៈប្រតិភូអមនានាទៀតជាង៧០០នាក់ និងប្រតិភូថ្នាក់ដឹកនាំផ្នែកឯកជន សមាគម អង្គការអន្តរជាតិ អ្នកវិនិយោគទុន អ្នកជំនាញ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធរាប់ម៉ឺននាក់ទៀត នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្រាប់ពិធីបើកកិច្ចប្រជុំ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីបិទកិច្ចប្រជុំកំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកពិព័រណ៍ហ្វ្រង់កូតិចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។ ពិធីបើកភូមិហ្វ្រង់ហ្វូកូនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia