Connect with us

ព័ត៌មាន

ឯកឧត្តម ប្រាក់ សុខុន៖ ចាប់ពីកិច្ចប្រជុំដំបូងលើកទី២០ ប្រទេស​បារាំង​នឹង​ផ្ទេរ​ភាព​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ឱ្យ​កម្ពុជា

ប្រទេសកម្ពុជានឹងទទួលតំណែងជាប្រធាន និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ និង​បន្ត​ទទួល​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​នេះ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ពេញ​។ ការបន្ត​វេន​នេះ​ធ្វើឡើ​ង​បន្ទាប់​ពី​ប្រទេស​បារាំង​បាន​បញ្ចប់​តួនាទី​ជាម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៩​របស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចសម្ភាសន៍ស្តីពី «កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»។

តាមរយៈកិច្ចសម្ភាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ចាប់ពីដើមដំបូងនៃកិច្ចប្រជុំនេះ ប្រទេសបារាំង ដែលសព្វថ្ងៃនេះ គឺជាប្រធាននៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺនឹងផ្ទេរភាពជាប្រធានមកហើយកម្ពុជា សម្រាប់រយៈពេលពីរឆ្នាំបន្ទាប់ទៀត។ ឯកឧត្តមលើកឡើងថា មកទល់ពេលនេះ រាជធានីភ្នំពេញ ក៏ដូចជានៅតាមដងផ្លូវសំខាន់ៗ មានការតុបតែងលម្អ ដូចជាដាក់ទង់ជាតិ ដាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

ឯកឧត្តមបានឱ្យដឹងថា អ្វីដែលយើងមើលមិនឃើញ ការរៀបចំត្រៀមកិច្ចប្រជុំនេះ គឺប្រើប្រាស់អស់រយៈពេលពីរឆ្នាំរួចមកហើយ ដែលបានគិតគូរលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពខ្លឹមសារ ពិធីការ សន្ដិសុខ ភស្តុភារ បដិសណ្ឋារកិច្ច ការសម្របសម្រួលគ្រប់កម្មវិធីទាំងអស់ ជាពិសេស ការសម្របសម្រួលនូវព្រឹត្តិការណ៍អម ដែលធ្វើយ៉ាងណាដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ដំណើរការបានដោយរលូន និងប្រកបទៅដោយជោគជ័យ។

សូមជម្រាបថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ត្រូវបានចាត់ទុកជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំកំពូលនេះមានមូលបទផ្លូវការ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍នៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សរុបជិត ៨០ប្រទេស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia