Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ គ្មានព្រំដែនណាមួយអាចផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៨០ ប្រទេសថា គោលការណ៍ដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល គឺគ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦, ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តក្នុងសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ នៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ។

សម្តេចធិបតីបានគូសបញ្ជាក់ថា សារនេះស្របនឹងមូលបទនៃកិច្ចប្រជុំកំពូល «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដោយចាត់ទុកថា ការកសាងសន្តិភាពមិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ ខណៈការបាត់បង់សន្តិភាពអាចកើតឡើងក្នុងរយៈពេលដ៏ខ្លី។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានរំលេចអំពីទំនាក់ទំនងរវាងសន្តិភាព និងវិបុលភាពថា សន្តិភាពបង្កើតទំនុកចិត្ត ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួមក៏ជាកត្តារួមចំណែកការពារសន្តិភាពផងដែរ។ សម្ដេចធិបតីថ្លែងថា ក្នុងន័យនេះ គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវលើការកសាងសន្តិភាពតែម្នាក់ឯងបានឡើយ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមពីគ្រប់ភាគី។

សម្តេចធិបតី ក៏បានស្នើឱ្យសហគមន៍ហ្វ្រង់កូហ្វូនីផ្តោតលើសកម្មភាពគន្លឹះចំនួនបី រួមមាន ការបង្ការជម្លោះ ការត្រៀមខ្លួន និងការកសាងវិបុលភាព ព្រមទាំងបានផ្តួចផ្តើមបង្កើត «បណ្តាញហ្វ្រង់កូហ្វូនីសម្រាប់ការបង្ការ និងការសម្រុះសម្រួល» ដើម្បីប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធនានា។

សម្ដេចធិបតីថ្លែងថា បណ្តាញហ្វ្រង់កូហ្វូនីនេះ នឹងអាចជួយសម្របសម្រួលកិច្ចសន្ទនាតាមសំណើរបស់រដ្ឋសមាជិក មុនពេលជម្លោះឈានទៅដល់ការផ្ទុះអំពើហិង្សា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការបង្ការជម្លោះជាមុន តែងតែចំណាយតិចជាងការកសាងឡើងវិញក្រោយពេលមានវិបត្តិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia