ព័ត៌មាន
សម្តេចធិបតី ថ្លែងចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីថា «ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ»
ភ្នំពេញ៖ នៅចំពោះមុខប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំបណ្តាប្រទេសជាង ៨០ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុង ប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែ នៅឆ្នាំ២០២៥, ការប៉ះទង្គិចដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបានរំឭកយើងថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀង រហូតនោះឡើយ។
សម្តេចធិបតីបានបញ្ជាក់ទៀតថា បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។
ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ សម្តេចស្នើសុំឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ, នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។
រីឯនៅតំបន់សមុទ្រវិញ, យើងបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហ-ប្រជាជាតិស្តីពីនីតិសមុទ្រ។ ប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ ដែលនេះជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺ យើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែល ការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរ-ជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការ ប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជា ការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្ត ទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និង ដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្រ្គាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាង សន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាច កើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព៕ អត្ថបទ៖ វង្ស សុភាព













-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform