ព័ត៌មាន
សម្ដេចធិបតីប្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធពីរលើករវាងកម្ពុជា និងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងបញ្ជាក់នៅចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានរដ្ឋ និងរដ្ឋាភិបាលជាង ៨០ ប្រទេសចូលរួមថា នៅឆ្នាំ២០២៥, ការប៉ះទង្គិច ដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជា និងថៃ ដែលក្នុងនោះ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង » នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ (OCIC) ជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជា មានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ពីព្រោះពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ហើយទំនុកចិត្តក៏កំពុងធ្លាក់ចុះ។ ក្នុងកាលៈទេសៈនេះ, និងលើសពីពេលណាៗទាំងអស់, ហ្វ្រង់កូហ្វូនីត្រូវតែបន្តជាទីកន្លែង ដែលយើងផ្តល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមាន ច្បាប់ការពារដល់មនុស្សគ្រប់រូប។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជានិយាយពីសន្តិភាពពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម។ កម្ពុជាដឹងច្បាស់ថា សង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ដែរថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ។ ហេតុនេះហើយបានជាកងទ័ពរបស់យើង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនរបស់យើងខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួចជូនប្រជាពលរដ្ឋវិញ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ថា ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំ២០២៥, ការប៉ះទង្គិច ដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជា និងថៃ ដែលក្នុងនោះ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបាន រំឭកយើងថា «សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀង រហូតនោះឡើយ»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ថា បទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញថា មកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។ ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញយើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រម-ព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជាស្នើសុំឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរ-ជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ, នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់អន្តរជាតិ៕















-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform