Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា តាមរយៈការចុះហត្ថលេខារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង លើវិស័យសំខាន់ៗជាច្រើនក្នុងពេលតែមួយ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកាន់កម្ពុជា នាពេលនេះ បានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងសន្ដិសីទនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ចប់កិច្ចពិភាក្សាផ្លូវការ និងបានកំណត់អាទិភាពសម្រាប់ភាពជាដៃគូកម្រិតថ្មី ដែលនឹងក្លាយជាត្រីវិស័យសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង។

សម្តេចធិបតីបានសម្តែងការស្វាគមន៍ ចំពោះសេចក្តីប្រកាសនយោបាយរួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច ការឆ្លើយតបបញ្ហាប្រឈមសន្តិសុខសកល និងការផ្លាស់ប្ដូររវាងប្រជាជន។ សម្ដេចបានថ្លែងថា កិច្ចព្រមព្រៀងទាំងនេះ គឺជាឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងច្រើនជាមួយដៃគូក្នុងពេលតែមួយ។

សម្ដេចធិបតីបានរំឭកឡើងថា ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្រយូរអង្វែងរបស់បារាំង ជាពិសេសទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ចាប់តាំងពីឆ្នាំ១៩៩៣។ កិច្ចព្រមព្រៀងវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រដូចជា ថាមពល សុខាភិបាល ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម នឹងបង្កើតឱកាសថ្មីៗដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ ប្រទេសទាំងពីរនឹងបន្តកិច្ចប្រតិបត្តិការយោធារួមគ្នាក្នុងការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ព្រមទាំងពង្រឹងកិច្ចសហការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងវិស័យវប្បធម៌ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បារាំងក្នុងការអភិវឌ្ឍ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ជាពិសេសការជួសជុលប្រាសាទមេបុណ្យខាងលិច។ ព្រះករុណា ព្រះមហាក្សត្រ និងប្រធានាធិបតី ម៉ាក្រុង នឹងយាង និងអញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនេះនៅសៀមរាបនៅថ្ងៃស្អែក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia