ព័ត៌មាន
សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានលើកទឹកចិត្តដល់យុវជនដែលស្ម័គ្រដាក់ពាក្យចូលរួមកាតព្វកិច្ចយោធា ហើយមិនទាន់ជាប់ សូមបន្តនាំគ្នាដាក់នៅឆ្នាំក្រោយបន្ថែមទៀត ខណៈក្រសួងការពារជាតិនឹងធ្វើការបញ្ជាក់លម្អិតបន្ថែមលើការងារដាក់ពាក្យនេះ។
ក្នុងឱកាស អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នៅឆ្នាំដំបូងនាឆ្នាំ២០២៦នេះ ត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់លុតដំរហូតដល់រយៈពេលកំណត់២៤ខែ ដើម្បីធ្វើជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត។
សម្ដេចមហាបវរធិបតី មានប្រសាសន៍ថា សម្រាប់អ្នកដែលដាក់ពាក្យមិនទាន់បំពេញកាតព្វកិច្ចយោធា សូមរង់ចាំវគ្គបន្ទាប់ដែលនឹងជូនដំណឹងដោយ គណៈកម្មការរបស់ក្រសួងការពារជាតិ ដែលនឹងបញ្ជាក់លម្អិតជាបន្ដបន្ទាប់ ដើម្បីឱ្យយុវជនចូលមកបំពេញកាតព្វកិច្ចយោធា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ “សូមយុវជនស្ម័គ្រចិត្តឆ្នាំនេះមិនទាន់ដាក់ពាក្យបាន សូមបន្ដចុះឈ្មោះតទៀត ហើយគណៈកម្មការក្រសួងការពារជាតិ នឹងបញ្ជាក់លម្អិតបន្ថែមទៀត។ សង្ឃឹមថា ៥ ០០០នាក់ ដែលចូលនៅឆ្នាំទី១ នេះ នឹងខិតខំតស៊ូរហូតដល់បញ្ចប់កាតព្វកិច្ចរបស់ខ្លួនរយៈពេល ២៤ខែ ដែលជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត”។
សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធាជាការលត់ដំមិនត្រឹមរូបរាងកាយ តែជាការលត់ដំផ្នែកស្មារតី ហើយក្រោយហ្វឹកហ្វឺនរយៈពេល៣ខែ យោធិនកាតព្វកិច្ច នឹងទៅរស់នៅតាមអង្គភាពនីមួយៗ ហើយជាពេលអនុវត្តការរស់នៅបែបជាយោធា ខណៈយោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ហើយនោះ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត វិន័យ និងរបៀបរស់នៅជាកងទ័ព។
គួររម្លឹកថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ ប្រកាសឱ្យប្រើច្បាប់ ស្តីពី កាតព្វកិច្ចយោធា, នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ ១៧៦អនក្រ.បក ស្ដីពី ការអនុវត្តច្បាប់ ស្តីពី កាតព្វកិច្ចយោធា, នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ១០៤សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងនៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៣០ អនក្រ.បក ស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ ឆ្នាំ២០២៦ ចំនួន ១០ ០០០នាក់។
បន្ទាប់ពីអនុម័តច្បាប់ថ្មី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ រាជរដ្ឋាភិបាលបានរៀបចំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំរៀបចំការងារពាក់ព័ន្ធការទទួលយកប្រជាពលរដ្ឋ ចូលបំពេញកាតព្វកិច្ចយោធា ចាប់ពី ឆ្នាំ២០២៦ នេះតទៅ ក្នុងរយៈពេលជិត ៣ខែ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ការងារពាក់ព័ន្ធការអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធាបានចាប់ផ្តើមជាបន្តបន្ទាប់៕




-
ព័ត៌មាន6 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»