Connect with us

ព័ត៌មាន

វេទិកាធុរកិច្ចកម្ពុជា-បារាំង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ

វេទិកាធុរកិច្ចកម្ពុជា-បារាំង ត្រូវបានរំពឹងថា នឹងជួយពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យឈានទៅរកកម្រិតខ្ពស់មួយទៀតនាពេលអនាគត។ ពិសេស ការបើកឱកាសឱ្យក្រុមហ៊ុននានាអាចភ្ជាប់ទំនាក់ទំនងគ្នា ដោយផ្ទាល់។

ក្នុងកម្មវិធី «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ដ៏មានសារៈនេះ លោកស្រី ហោ សុគន្ធា សហគ្រិនស្ត្រីក្នុងវិស័យស្រូវអង្ករ និង លោក Ebner Yoon អគ្គនាយករងនៃមន្ទីរពេទ្យអិនធើឃែរ បានលើកឡើងស្របគ្នាថា វេទិកាធុរកិច្ចនេះ ជាពិសេសព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យឯកជន។

តាមរយៈព្រឹត្តិការណ៍នេះ ធុរជនកម្ពុជាមានឱកាសជួបពិភាក្សាដោយផ្ទាល់ជាមួយវិនិយោគិនមកពីប្រទេសបារាំង ដើម្បីកសាងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ ទាំងអស់នេះ គឺសំដៅបង្កើតកាលានុវត្តភាពធុរកិច្ចជាក់ស្តែង និងរួមចំណែកពង្រឹងភាពជាដៃគូរវាងកម្ពុជា និងបារាំង ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបង្កើតបរិយាកាសអំណោយផលជាច្រើន ទាំងការទាក់ទាញវិនិយោគតាមរយៈច្បាប់វិនិយោគថ្មី ដែលផ្ដល់នូវការលើកទឹកចិត្ត និងការការពារវិនិយោគ។ ក្រសួងពាណិជ្ជកម្មក៏បានធ្វើសាមញ្ញកម្មលើការចុះបញ្ជីពាណិជ្ជកម្ម ដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ធុរកិច្ច និងវិនិយោគិន។

ឯកឧត្តមបានបន្ថែមថា ក្រសួងពាណិជ្ជកម្មបានកត់សម្គាល់ឃើញថា ធុរជនបារាំងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្ពុជា ដោយសភាពាណិជ្ជកម្មបារាំងនៅភ្នំពេញ និងសភាពាណិជ្ជកម្មអឺរ៉ុបតែងតែរួមគ្នាចេញផ្សាយសៀវភៅស ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងអនុសាសន៍របស់ធុរជន ដើម្បីជាកិច្ចសម្រួលដល់ធុរកិច្ច និងវិនិយោគ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia