Connect with us

ព័ត៌មាន

ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោបន្តចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់

កំពង់ចាម៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម។

ការអញ្ជើញចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម ខ្លូត ចិន្តា និងឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្ត, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោកតំណាងមន្ទីរព័ត៌មានខេត្ត, លោកអភិបាល នៃគណៈអភិបាលស្រុកចំការលើ និងស្រុកស្ទឹងត្រង់, អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា ប្រធានក្រុមការងារ បានគូសរំលេចពីការយកចិត្តទុកដាក់ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះសុខុមាលភាព និងសុវត្ថិភាពសិស្សានុសិស្ស តាមរយៈការចាត់ក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាជាក់ស្តែង ដើម្បីកំណត់អាទិភាពក្នុងការជួសជុល និងសាងសង់ឡើងវិញ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សម្ដេចតេជោចំពោះវិស័យអប់រំ និងបានប្តេជ្ញាសហការជាមួយក្រុមការងារ ដើម្បីជំរុញការងារនេះឱ្យសម្រេចតាមគោលដៅ។

គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៦ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ រួមមាន៖

១. វិទ្យាល័យ ហ៊ុន សែន ចំការលើ ស្ថិតនៅស្រុកចំការលើ

២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតនៅស្រុកចំការលើ

៣. សាលាបឋមសិក្សា សូភាស ស្ថិតនៅស្រុកស្ទឹងត្រង់

៤. សាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នា ស្ថិតនៅស្រុកស្ទឹងត្រង់

៥. អនុវិទ្យាល័យមិត្តភាពកម្ពុជា-ចិន ព្រះអណ្តូង ស្ថិតនៅស្រុកស្ទឹងត្រង់

៦. វិទ្យាល័យ ពាមកោះស្នា ស្ថិតនៅស្រុកស្ទឹងត្រង់។

ជាលទ្ធផល សាលាចំនួន ៤ ទីតាំង ត្រូវបានកំណត់ជាសាលាអាទិភាពសម្រាប់ការជួសជុលរួមមាន៖ វិទ្យាល័យ ហ៊ុន សែន ចំការលើ, សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក, សាលាបឋមសិក្សា សូភាស និងសាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នា។ ផ្អែកលើលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនេះ ក្រុមការងារនឹងបន្តបូកសរុប និងវាយតម្លៃលម្អិតបន្ថែមទៀត ដើម្បីឈានទៅបើកការដ្ឋានជួសជុលកែលម្អនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងផាសុកភាព។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia