ព័ត៌មាន
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កីឡា ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» នារាត្រីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ វិន័យ ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍកីឡាជាតិ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន ទាមទារឱ្យមានចក្ខុវិស័យវែងឆ្ងាយ, ការរៀបចំផែនការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ក្នុងសង្គមកម្ពុជា ជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិក និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និង វាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥នេះ មានប្រភេទកីឡាចំនួន ៣២ប្រភេទ (ស្មើនឹង ២៥៨ វិញ្ញាសា) រួមមាន៖ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ WT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ ITF អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។
រីឯកីឡាជាតិជនពិការលើកទី៣ មានចំនួន ១០ប្រភេទកីឡា ស្មើនឹង ៤៦ វិញ្ញាសា រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ វាយកូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ។ វិញ្ញាសាសរុប ៣០៤វិញ្ញាសា និងមានប្រតិភូកីឡាសរុប ៤ ៦៨០នាក់ ចូលរួម មកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕




-
ព័ត៌មាន4 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន5 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»