ព័ត៌មាន
តំណាងរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរតំបន់នៃសមាជិកសភាអារ៉ាប់-អាស៊ីប្រចាំឆ្នាំនៅប្រទេសស្រីលង្កា
ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជា រាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរតំបន់នៃសមាជិកសភាអារ៉ាប់-អាស៊ីប្រចាំឆ្នាំ ស្តីពី«អនាគតប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពឆ្ពោះទៅរកការផ្តល់ភាពអង់អាចដល់យុវជន សមភាព សុខភាព និងសុខុមាលភាព» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សហការរៀបចំឡើងដោយវេទិកាសមាជិកសភាអារ៉ាប់ស្តីពីប្រជាជន និងការអភិវឌ្ឍ (FAPPD) និងសមាគមសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (APDA) ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ក្នុងគោលបំណងពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភា និងផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភាតំបន់អារ៉ាប់ និងអាស៊ី ក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលប្រជាសាស្ត្រ ដោយផ្តោតសំខាន់លើការវិនិយោគលើមូលធនមនុស្ស ការផ្តល់ភាពអង់អាចដល់យុវជន និងស្ត្រី ព្រមទាំងការលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូបណ្ដាប្រទេសក្នុងតំបន់អារ៉ាប់ និងអាស៊ី ចំនួន៤០ រូបមកពី១៨ប្រទេស និងតំណាងអង្គការសង្គមស៊ីវិលចំនួន៤ រួមមាន APDA, UNFPA, IPPF, IPPF/FPA។
នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «យុវជន និងភាគលាភប្រជាសាស្ត្រ៖ ប្រែក្លាយពីសក្តានុពល ទៅជាកាលានុវត្តភាព» ឯកឧត្តម ញឿន រ៉ាដែន បានធ្វើបទអន្តរាគមន៍ចែករំលែកជូនអង្គប្រជុំស្តីពី «ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម និងក្នុងអង្គនីតិប្បញ្ញត្តិរបស់កម្ពុជា»។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមានប្រជាជនប្រមាណ១៨លាននាក់ដែលមានកំណើនយុវជនខ្ពស់គួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ី ដែលជាភាគលាភប្រជាសាស្ត្រដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍របស់កម្ពុជា ។
ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាព និងការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជាក្នុងការផ្តល់ភាពអង់អាចដល់យុវជនតាមរយៈការលើកកម្ពស់ការចូលរួមរបស់សមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង ក្នុងការបំពេញតួនាទីស្នូលយ៉ាងសំខាន់ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ និងការចូលរួមបំពេញការទូតសភានៅក្រៅប្រទេស។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា បាន និងកំពុងបន្តកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនសមាជិកសភា និងបានគាំទ្រដល់ការអនុម័តកញ្ចប់ថវិការជាតិប្រចាំឆ្នាំ ដែលផ្ដោតសំខាន់លើការវិនិយោគលើមូលធនមនុស្ស ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា (២០២៣-២០២៨) ដោយកំណត់យក មនុស្ស គឺជាកត្តាអាទិភាពមុនគេបង្អស់របស់រដ្ឋាភិបាល,និងការគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់ ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់យុវជនកម្ពុជា ក្នុងការងារមនុស្សធម៌ និងសង្គម។
ជាទីបញ្ចប់ ឯកឧត្តម ញឿន រ៉ាដែន បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម និងនីតិប្បញ្ញត្តិ គឺជាគន្លឹះក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញពីភាគលាភប្រជាសាស្ត្រ ដើម្បីសម្រេចបាននូវចក្ខុ វិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយចាត់ទុកយុវជនមិនត្រឹមតែជាអ្នកទទួលផលពីគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសកម្ម អ្នកធ្វើសេចក្តីសម្រេចចិត្ត និងជាអ្នកដឹកនាំនាពេលបច្ចុប្បន្ន៕











-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា