ព័ត៌មាន
សម្ដេចតេជោ ពេញចិត្តចំពោះទំនាក់ទំនងរវាង កម្ពុជា និងសហរដ្ឋអាមេរិក កំពុងបោះជំហានទៅមុខ
នៅវិមានសាមគ្គីភាព នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវ ដេនស៍ (Steven Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ សម្ដេចក៏បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមាននាពេលនេះ និងកំពុងតែបោះជំហានទៅមុខនៃទំនាក់ទំនងមួយដ៏ល្អប្រសើរ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកថា វត្តមានឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ជាឱកាសក្នុងការ
ស្វែងយល់អំពីស្ថានការណ៍ក៏ដូចជាស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាជាពិសេសជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិកឲ្យកាន់តែរីកចម្រើន និងការពង្រឹងទំនាក់ទំនងនៅក្នុងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ឯកឧត្តមបានសម្ដែងនូវក្តីរំភើបរីករាយនៅពេលដែលឯកឧត្តមនិងភរិយាបានមកដល់ប្រទេសកម្ពុជា ដោយឯកឧត្តមបានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ ហើយពេលដែលមកកាន់ប្រទេសកម្ពុជា ឯកឧត្តមបានធ្វើដំណើរទៅទស្សនាតំបន់សំខាន់ៗមួយចំនួនរបស់ប្រទេសកម្ពុជា ជាពិសេសនោះ គឺបានទៅដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះស្ថាបត្យកម្មដ៏អស្ចារ្យនៃបុព្វបុរសខ្មែរ។ ឯកឧត្តមបានកោតសរសើរមិនដាច់ពីមាត់អំពីស្នាដៃរបស់បុព្វបុរសខ្មែរនៃការកសាងអង្គរវត្តដ៏អស្ចារ្យនេះ។ ឯកឧត្តមបានលើកឡើងថាប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រ សង្គ្រាមជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍ នៃការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។ ឯកឧត្តមបានលើកឡើងទៀតថា នៅពេលដែលឯកឧត្តមបានដឹង និងអានប្រវត្តិរបស់ប្រទេសកម្ពុជា ធ្វើឲ្យឯកឧត្តមរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះរបបឃោរឃៅនោះ។ តែយ៉ាងណាក៏ដោយឯកឧត្តមបានជម្រាបសម្ដេចតេជោថា ឯកឧត្តមបានឃើញកម្ពុជាបានប្រែមុខមាត់ថ្មីនាពេលបច្ចុប្បន្ននេះ ដោយសារតែការដឹកនាំមួយដ៏ត្រឹមត្រូវរបស់កម្ពុជា។
សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក
ជុំវិញការសរសើរពីប្រទេសកម្ពុជា ក៏ដូចជាសរសើរអំពីប្រាសាទអង្គរវត្តរបស់កម្ពុជា។ សម្ដេចក៏បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមាននាពេលនេះ និងកំពុងតែបោះជំហានទៅមុខនៃទំនាក់ទំនងមួយដ៏ល្អប្រសើរ។ ទន្ទឹមនឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កំពុងតែមានការកើនឡើងផងដែរ។
សម្ដេចតេជោក៏យកឱកាសនេះ អរគុណដល់សហរដ្ឋអាមេរិកដែលជួយគាំទ្រកម្ពុជាកន្លងមក ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម ដែលសហរដ្ឋអាមេរិកបានជួយមកកាន់កម្ពុជា និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម និងប្រតិភូទទួលបានជោគជ័យនៅក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា៕










-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា