Connect with us

ព័ត៌មាន

សម្ដេចតេជោ ផ្ដាំប្រតិភូយុវជន ឱ្យបង្ហាញ សក្ដានុពលយុវជនកម្ពុជា ទៅកាន់អន្តរជាតិ ដើម្បីលើកកិត្យានុភាពជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ចូលជួបសម្តែងការគួរសម។ ក្នុងឱកាសនោះ សម្ដេចតេជោ ផ្ដាំប្រតិភូយុវជន ឱ្យបង្ហាញ សក្ដានុពលយុវជនកម្ពុជា ទៅកាន់អន្តរជាតិ ដើម្បីលើកកិត្យានុភាពជាតិ។

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយសារជាថ្មីក្នុងការជួបជាមួយនឹងប្រតិភូយុវជននាពេលនេះ ដោយសម្ដេចបានលើកឡើងរំលឹកអំពីអតីតកាលនៅពេលដែលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី សម្ដេចក៏តែងតែជួបជាមួយនឹងប្រតិភូយុវជនកម្ពុជា ហើយមកដល់ពេលនេះ សម្ដេចក៏ទទួលជួបប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុនផងដែរ។

សម្ដេចក៏បានរំលេចបន្ថែមនូវការចែករំលែកការណែនាំមួយចំនួនទៀតទៅកាន់យុវជនទាំងអស់ដែលមានឱកាសក្នុងការចូលរួមកម្មវិធីនោះ។ អ្វីដែលជាខ្លឹមសារសំខាន់របស់សម្ដេចតេជោ សម្ដេចបានសង្កត់ធ្ងន់នោះ គឺសម្ដេចបានផ្ដាំយុវជនទាំងអស់មានប្រមាណ ២១នាក់រាប់ទាំងអ្នកដឹកនាំនៃយុវជន មាននារីពាក់កណ្តាល និងបុរសពាក់កណ្តាល។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា អ្នកទាំងអស់គ្នាគឺតំណាងឱ្យប្រជាជន ១៨លាននាក់ នៅពេលដែលចូលរួមនៅក្នុងកម្មវិធីនេះ ដូច្នេះត្រូវប្រយ័ត្នប្រយែង និងបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរតំណាងឱ្យប្រជាជន ១៨លាននាក់នៅលើឆាកអន្តរជាតិ ហើយត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាខ្មែរ និងមិនត្រូវឆ្មើងឆ្មៃនោះទេ។ ផ្ទុយទៅវិញ ត្រូវបង្ហាញនូវសមត្ថភាព នៃសក្ដានុពលយុវជនរបស់យើងទៅកាន់បណ្ដាប្រទេសនានាឲ្យបានល្អ ដើម្បីលើកកិត្យានុភាពជាតិរបស់យើង។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យក្រុមប្រតិភូយុវជនទាំងអស់បានទទួលបានជោគជ័យនៅក្នុងបេសកម្មមួយនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia