Connect with us

ព័ត៌មាន

សម្តេចប្រធានរដ្ឋសភា រៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូសភាតំណាងប្រជាជនចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញរៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូសភាតំណាងប្រជាជនចិនដឹកនាំដោយ លោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានបង្ហាញនូវសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ លោកជំទាវ ធៀ នីង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ដំណើរទស្សនកិច្ចរបស់ លោកជំទាវ នាពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានរួមវិភាគទានដ៏មានតម្លៃដល់ការបន្តពូនជ្រំ រឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរឱ្យកាន់តែ ស្អិតល្មួត និងស៊ីជម្រៅបន្ថែមទៀត។ មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន បានឈានចូលដំណាក់កាលថ្មីមួយ ពោរពេញដោយភាពរស់រវើក ធន់ និងរឹងមាំ ជាពិសេសនៅក្នុងក្របខណ្ឌថ្មី នៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ធៀ នីង មានមោទនភាពយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាយើងទាំងពីរ ដែលមានសន្ទុះយ៉ាងខ្លាំងជាប្រចាំ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួម ដោយយកប្រជាជនជាស្នូល។

ភាគីទាំងពីរបានលើកឡើងដូចគ្នាថា ទោះបីជាមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័សនៅកម្រិតជាតិ និងអន្តរជាតិយ៉ាងណាក៏ដោយ ក៏មិត្តភាពដែកថែបរបស់យើងបានបង្ហាញពីភាពធន់ និង រីកចម្រើនទៅមុខជានិច្ច។ ចំណងមិត្តភាពដ៏រឹងមាំនេះគឺ ដោយសារផ្អែកលើការជឿទុកចិត្តខាងនយោបាយយ៉ាងជ្រាលជ្រៅ និងចក្ខុវិស័យនៃការកសាងអនាគតរួមគ្នា។ ប្រទេសទំាងពីរតែងប្រកាន់នូវគោលជំហរដ៏មោះមុតក្នុងការជួយគ្នា ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងផលប្រយោជន៍ពលរដ្ឋជាស្នូល ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគីរបស់យើង។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិនជាបងប្អូន ដែលជានិច្ចកាលតែងតែគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ប្រៀបដូចជាពាក្យស្លោករបស់កម្ពុជាថា «មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន»។ មិត្តភាពដ៏រឹងមាំរបស់យើង គឺជាមិត្តភាពដែលមិនអាចបំបែកបាន និងមិនអាចកាត់ថ្លៃបាន ទោះបីជាមានការប្រឈម និងការផ្លាស់ប្ដូរក្នុងតំបន់ និងអន្តរជាតិយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ធៀ នីង បានវាយតម្លៃដូចគ្នាថា មិត្តដែកថែបកម្ពុជា-ចិន រឹងមាំ រីកចម្រើនគ្រប់កាលៈទេសៈ មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ តែធានាស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិផងដែរ។

លោកជំទាវ ធៀ នីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនៅក្នុងនោះលោកជំទាវ នឹងត្រូវជួបពិភាក្សាការងារទ្វេភាគី ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia