Connect with us

ព័ត៌មាន

ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក

នៅក្រោយ​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ក្រសួងទេសចរណ៍ នឹង​សហការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ធំៗចំនួន២ទៀត នៅចុងឆ្នាំនេះ ដើម្បីពង្រីកការផ្សព្វផ្សាយកម្ពុជា ជា​គោល​ដៅ​ទេសចរណ៍​មាន​សុវត្ថិភាព មាន​ទំនុកចិត្តខ្ពស់បំផុតទៅកាន់ពិភពលោក ខណៈ​ការ​ផ្សព្វ​ផ្សាយ​កន្លង​មក​ បានធ្វើឲ្យទេសចរអន្តរជាតិជាច្រើននៅតាមប្រទេសនានា បាន​នាំ​គ្នា​កក់​ទិញ​កញ្ចប់​ទេសចរណ៍​មក​ទស្សនាកម្ពុជា នៅឆ្នាំ២០២៧ និងឆ្នាំក្រោយៗទៀត។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ប្រាប់​BTV​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្រសួង​ទេសចរណ៍​មាន​ភាព​មមា​ញឹកខ្លាំង​ក្នុង​កិច្ច​ការ​​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍កម្ពុជាទៅតាមទីផ្សារថ្មីៗជាច្រើននៅក្រៅប្រទេសជាច្រើន និង​បាន​រៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិជាច្រើនទៀត ក្នុងគោលបំណងផ្សព្វផ្សាយកម្ពុជា ជា​គោល​ដៅ​ទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ទំនុកចិត្ត និងស្វាគមន៍​យ៉ាង​កក់​ក្តៅជូ​ន​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទីនៅលើពិភពលោក ហើយនៅក្នុងខែធ្នូនេះទៀត ក្រសួងក៏នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍ធំៗ២ចុងក្រោយ រួមមាន៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅក្នុងតំបន់អង្គរ និង​ព្រឹត្តិការណ៍​បុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដែលនឹងមានភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ចូលរួម។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងថា នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍បៃតងឆ្នាំ២០២៦ CATA ក៏បានធ្វើយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង​បាន​ចងក្រងដៃគូទីភ្នាក់ទេសចរណ៍នៅក្រៅប្រទេសជាច្រើន ដូចជា នៅប្រទេសចិន បណ្តា​ប្រទេសក្នុ​ងតំបន់អាស៊ាន អារ៉ាប់អេមីរ៉ាត់ ឥណ្ឌា អាមេរិច កាណាដា និងបណ្តាប្រទេសអឺរ៉ុប និង​អូស្ត្រាលី ជាដើម ទទួលលទ្ធផលវិជ្ជមានជាច្រើន និងមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​នាំ​គ្នាក​ក់​ទិញ​កញ្ចប់​ទេសចរណ៍​មកកម្ពុជាជាច្រើន ហើយបើកម្ពុជា និងពិភពលោក មិនមានហេតុការណ៍ជា​សង្គ្រាម ​និងសម្ពាធ​អ្វី១ដែលជារបាំងការធ្វើដំណើរនោះទេ នោះនៅឆ្នាំ២០២៧ កម្ពុជា​នឹង​ទទួលបានទេសចរអន្តរជាតិមកទស្សនាមានកំណើនល្អប្រសើរឡើងវិញ។

លោកជំទាវ ឆាយ ស៊ីវលីន បន្តថា ក្តីរំពឹងការមានកំណើនទេសចរអន្តរជាតិមកកម្ពុជា គឺ​កើត​ចេញ​ពី​កិច្ច​ខិតខំប្រឹងប្រែងពីគ្រប់ភាគីជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខំប្រឹង​បង្កើត​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើន និងបានសម្របសម្រួលឲ្យផ្នែកឯកជនសហការ ពិសេសក្នុង​កិច្ច​កំពូល​កំពូល​ហ្វ្រង់​កូហ្វូនីលើកទី២០ គឺបានផ្តល់នូវភាពអស្ចារ្យដ៏ធំ ក្នុងការ​កសាង​ចំណាប់​អារម្មណ៍​ឲ្យ​ភ្ញៀវទេសចរ​លើពិភពលោកមានទំនុកចិត្តកាន់តែខ្លាំងធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia