Connect with us

ព័ត៌មាន

សម្ដេចតេជោ មើលឃើញអំពីចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំ ពិសេសការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។ ក្នុងឱកាសនោះ សម្ដេចតេជោ បានមើលឃើញអំពីចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ហើយជាពិសេសគឺការផ្លាស់ប្ដូរនៃប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរបានធ្វើឡើងយ៉ាងមមាញឹក។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍ ចំពោះលោកជំទាវ និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះថា នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិនដែលជាមិត្តដែកថែបជាមួយគ្នានេះកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចក៏បានឆ្លៀតឱកាសនេះ អរគុណចំពោះមិត្តចិនដែលតែងតែសហការ ជាពិសេសនៅក្នុងការជួយជ្រោមជ្រែងដល់ការព្យាបាលនូវព្រះរាជសុខភាពរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនាពេលកន្លងមក។ សម្ដេចក៏បានមានប្រសាសន៍លើកឡើងនៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនពីអតីតកាល ហើយក្នុងឆ្នាំ២០២៦នេះ គឺជាខួប ៧០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ព្រះបរមរតនកោដ្ឋទៅកាន់ប្រទេសចិន ហើយក៏ជាខួប ៣០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោទៅកាន់ប្រទេសចិនលើកដំបូងផងដែរ គឺកាលពីឆ្នាំ១៩៩៦។ សម្ដេចបានមើលឃើញអំពីចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ហើយជាពិសេសគឺការផ្លាស់ប្ដូរនៃប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរបានធ្វើឡើងយ៉ាងមមាញឹក នៅក្នុងឆ្នាំ២០២៦នេះ។

នៅក្នុងឱកាសនោះ លោកជំទាវ ធៀ នីង បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកជំទាវ និងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។លោកជំទាវបានថ្លែងនូវការកោតសរសើរប្រទេសកម្ពុជានៅចំពោះសម្ដេចតេជោថាលោកជំទាវរួមទាំងប្រតិភូបានឃើញពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដ៏គួរឲ្យស្ងើចសរសើរក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវលើកទី១មកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកជំទាវបានឃើញនូវវិបុលភាពនៅក្នុងប្រទេសកម្ពុជា ហើយលោកជំទាវសូមអបអរសាទរចំពោះភាពរីកចម្រើននេះ។ លោកជំទាវបានលើកឡើងទៀតថា ប្រទេសទាំងពីរជាមិត្តភាពដែកថែប ហើយជាមួយគ្នានេះ មិត្តភាពកម្ពុជា និងចិន ដូចដែលឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់លើកឡើងកន្លងមកថា មិនមែនមានតែនៅលើក្រដាសនោះទេ ក៏ប៉ុន្តែជាការអនុវត្តជាក់ស្ដែង។ លោកជំទាវក៏បានចែករំលែកបន្ថែមនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលសម្រាប់ភាគីចិនគឺចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា គឺជាទំនាក់ទំនងអាទិភាពបំផុត បន្ថែមពីលើនេះលោកជំទាវក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតនៅក្នុងក្របខណ្ឌស្ថាប័ននីតិបញ្ញត្តិជាពិសេសនៅក្នុងសភាទាក់ទងទៅនឹងទំនាក់ទំនងសភាតំណាងប្រជាជនទូទាំងប្រទេស និងព្រឹទ្ធសភាកម្ពុជាដែលប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិនេះដើម្បីជ្រោមជ្រែងបន្ថែមទៀតដល់រដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឲ្យទំនាក់ទំនងកម្ពុជា-ចិន នៅតែស្ថិតថេរ រឹងមាំ និងយូរអង្វែងបន្ថែមទៀត។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវជុំវិញមិត្តភាពដែកថែប កម្ពុជា-ចិន។ សម្ដេចតេជោក៏បានលើកឡើងទៅកាន់លោកជំទាវវិញថា ទោះបីជាពិភពលោកនេះមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិត្តភាពរវាងកម្ពុជា និងចិន គឺមិនមានប្រែប្រួលឡើយ។ បន្ថែមពីលើនេះ សម្ដេចតេជោក៏រំពឹងខ្ពស់បន្ថែមទៀតចំពោះកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិន នឹងទាញយកនូវផលប្រយោជន៍ផ្លែផ្កាសម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរហើយបន្ថែមពីលើនេះ សម្ដេចក៏បានលើកឡើងទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ ដែលសម្ដេចគាំទ្រពេញទំហឹងនៅក្នុងក្របខណ្ឌនៃសភានៃប្រទេសទាំងពីរធ្វើកិច្ចសហការជាមួយគ្នាបន្ថែមទៀត។ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏ឆ្លៀតអរគុណចំពោះមិត្តចិនដែលបានគាំទ្រក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាការរួមចំណែកមួយដ៏ធំនៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ សម្ដេចក៏ឆ្លៀតអរគុណចំពោះមិត្តចិនដែលកន្លងមកតែងតែចូលរួមចំណែកនៅក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ននេះ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោកជំទាវ និងប្រតិភូ ទទួលបានជោគជ័យ និងរីករាយនៅក្នុងឱកាសបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ វីរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia