Connect with us

ព័ត៌មាន

ក្នុងកិច្ចប្រជុំ CLMV សម្ដេចធិបតីថ្លែងថា យើងត្រូវរួមគ្នាប្រែក្លាយព្រំដែន ឱ្យទៅជា​ស្ពាន​នៃការតភ្ជាប់

នៅក្នុងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើង​ត្រូវ​រួមគ្នាប្រែក្លាយព្រំដែនរបស់យើង ឱ្យទៅជាស្ពាននៃការតភ្ជាប់សម្រាប់ កិច្ចសហ​ប្រតិបត្តិការ និងកាលានុវត្តភាព។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ដីពី “លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំ​កំពូល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-​ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២” បានឱ្យដឹងថា សម្តេចធិបតី បាន​អញ្ជើញ​ចូល​រួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល CLMV លើកទី១២ ក្រោមមូលបទ «ការតភ្ជាប់ តំបន់ CLMV-ការទាញយកសក្តានុពល-ការកសាងអនាគតប្រកបដោយវិបុលភាព»។

ក្នុងសុន្ទរកថានៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី បានថ្លែងថា មូលបទសម្រាប់ឆ្នាំនេះ ពិត​ជា​សម​ស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ ក្នុងរយៈពេល ២២ឆ្នាំនេះ ភាពជិតស្និទ្ធខាងភូមិសាស្ត្រ និង​ចំណុច​ខ្លាំងដែលបំពេញ ឱ្យគ្នាទៅវិញទៅមករបស់យើង បានជួយជំរុញវិស័យពាណិជ្ជកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ ទេសចរណ៍ និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលបាន​ជួយ​កាត់​បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ និងពង្រឹងសមាហរណកម្មអាស៊ាន។ សព្វថ្ងៃនេះ នៅពេលដែល​យើង​កំពុង​ប្រឈម​មុខ​នឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រកដប្រជា ផ្នែកសេដ្ឋកិច្ច ការ​ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ គឺជាកត្តាដ៏សំខាន់សម្រាប់ភាពធន់របស់យើង។

សម្ដេចធិបតី បានថ្លែងបន្តថា ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ត្រូវតែបន្ត​ជាមូល​ដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិការ ដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព និង​បូរណ​ភាព​ទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យើង​ត្រូវរួមគ្នាប្រែក្លាយព្រំដែនរបស់យើង ឱ្យទៅជាស្ពាននៃការតភ្ជាប់សម្រាប់ កិច្ច​សហប្រតិបត្តិការ និងកាលានុវត្តភាព ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព​ប្រកប​ដោយ​និរន្តភាព។

សម្រាប់អនាគតខាងមុខ សម្តេចធិបតី បានចែករំលែកនូវអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការរួម ដូចជា ទី១. ពង្រឹងសន្តិសុខក្នុងតំបន់ និងភាពធន់ ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន ទី២. ពន្លឿនការតភ្ជាប់ដ៏ឆ្លាតវៃ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ ទី៣. ពង្រឹងសន្តិសុខថាមពល ភាពធន់នឹងអាកាសធាតុ សន្តិសុខស្បៀង និងហិរញ្ញប្បទានប្រកបដោយនិរន្តភាព និង ទី៤. ជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីកំណើនសេដ្ឋកិច្ច និងការយល់ពីគ្នាទៅវិញទៅមក។

ជាចុងក្រោយ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងនាមជាប្រធានសម្រាប់អាណត្តិបន្ទាប់ ឆ្នាំ២០២៧-២០២៨ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងដៃគូទាំងអស់ ដើម្បីជំរុញរបៀបវារៈ រួមរបស់យើង ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាជនរបស់យើង។

គួរបញ្ជាក់ថា ក្នុងឱកាសកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំ CLMV បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ថាមពល កសិកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងសន្តិសុខ ជាអាទិ៍ តាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ វីរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia