ព័ត៌មាន
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើសុំឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើសុំឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយនិងការកោតសរសើរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។

ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោមអធិបតីភាពឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍ ដោយបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥ទៅ៦នាក់នេះ បើគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រ និងការអប់រំផ្សេងៗ តើត្រូវខាតបង់ថវិកា និងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយមកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ លោកបន្តថា ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានរិះរកអស់គ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍នេះ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមានការចូលរួមទាំងអស់គ្នា។

លោក កើត ឆែ បានបន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក កើត ឆែ នៅតែជំរុញអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អលើវិស័យសុខាភិបាលនេះ។
លោក កើត ឆែ បានបញ្ជាក់ផងដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០២៤នេះ វេទិការនេះនឹងត្រូវធ្វើឡើងនៅខែក្រោយនេះហើយ។ ដូច្នេះទេ ស្នើអោយប្រធានមន្ទីរទាំងអស់ចូលរួមគ្រប់វេទិកា ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ជៀសវាងអោយអនុប្រធានទៅជំនួស ដែលគាត់មិនមានសិទ្ធិ អាកាត់ ឬសម្រេចបាននោះ។

ឯកឧត្ដម ជួប ខុន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន ១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាចំនួនបីលើកជាប់គ្នា។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ។ ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹកចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។ ៧- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕





-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ